ខេត្តមណ្ឌលគិរី ៖ គិតត្រឹមថ្ងៃទី១៧ សីហា ២០២០ នេះបន្ទប់ស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ប្រមាណជាងមួយពាន់បន្ទប់ ត្រូវពេញណែនដោយសារភ្ញៀវទេសចរបានសម្រុកមកលេងកម្សាន្ត នៅខេត្តមណ្ឌលគិរី ច្រើនលើសពីអ្នកផ្គត់ផ្គង់ ហើយមានភ្ញៀវទេសចរខ្លះត្រូវសម្រាកតាមផ្ទះអ្នកស្រុក ឬបោះតង់ជាដើម ។
គេសង្កេតឃើញថា នៅតាមរមណីយដ្ឋានសំខាន់ៗដូចជា សមុទ្រឈើ ភ្នំដោះក្រមុំ ភ្នំអណ្តូងស្នេហ៍ ទឹកជ្រោះប៊ូស្រា ចំការស្រល់ និងកន្លែងដទៃផ្សេងៗទៀត គឺពេញណែនស្ទើររកផ្លូវដើរមិនបាន ។ ចំណែកអាហារដ្ឋាននានាមិនអាចបម្រើសេវាកម្មដល់ភ្ញៀវបានគ្រប់គ្រាន់ឡើយ តែភ្ញៀវទេសចរខ្លះពួកគាត់បានរៀបចំទិញម្ហូបអាហារចំអិនដោយខ្លួនឯង ដើម្បីបរិភោគ ។
ចំណែកអាកាសធាតុហាក់មានភាពអំណោយផល នៅពេលថ្ងៃផ្ទៃមេឃស្រឡះល្អ មានខ្យល់ជំនោរត្រជាក់ អាចឲ្យអ្នកទេចរណ៍ដើរលេងកម្សាន្តយ៉ាងសប្បាយ តែនៅពេលល្ងាច និងយប់ មានភ្ញៀវធ្លាក់ និងសីតុណ្ហភាពចុះត្រឹម១៩ ទៅ២១អង្សាប៉ុនណោះ ។ មិនត្រឹមតែប៉ុនណោះ ដើម្បីឲ្យភ្ញៀវទេសចរអាចដើរលេងកម្សាន្តលើទឹកដីខេត្តមណ្ឌលគិរី ដោយគ្មានការព្រួយបារម្ភ អាជ្ញាធរខេត្តជាពិសេសនគរបាល និងអាវុធហត្ថបានដាក់ពង្រាយតាមគោលដៅសំខាន់ៗ យាមល្បាតតាមផ្លូវសាធារណៈ ការពារសុខសុវត្ថិភាព ដល់ភ្ញៀវទាំងយប់ទាំងថ្ងៃ ។
ទោះជាយ៉ាងណាអាជ្ញាធរបានសំនូមពរដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តមណ្ឌលគិរី ជួយថែរក្សាបរិស្ថាន កុំចោលសម្រាមពាសវាលពាសកាល ដែលនាំឲ្យសម្រល់ធម្មជាតិដែលបងប្អូនទាំងអស់ស្រឡាញ់ចូលចិត្តប្រែក្លាយទៅជាកន្លែងស្មោគគ្រោក ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព