ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ឈ្មោះ ទុំ ដេត ដែលកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ឃាត់ខ្លួនប៉ុន្មានថ្ងៃមុន ពាក់ព័ន្ធនឹងការគាស់ផ្ទះលួចប្រាក់ជិត១០លានរៀលបានផ្ដល់ចម្លើយចុងក្រោយ ប្រាប់មន្ត្រីការិយាល័យជំនាញថា គ្រាន់តែនៅក្នុងទឹកដី ឃុំស្នឹង ស្រុកបាណន់ មានបនល្បែងចំនួន០៤កន្លែង តែមួយកន្លែងទំនងជាត្រូវផ្អាកបណ្ដោះអាសន្នហើយ ព្រោះទើបត្រូវកម្លាំងអធិការស្រុកចុះបង្ក្រាបថ្មីៗ ។
ជនសង្ស័យឈ្មោះ ទុំ ដេត ហៅចាក់ដេត អាយុ៣២ឆ្នាំ រស់នៅភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ត្រូវបានកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ចុះឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៣ សីហា ដោយសង្ស័យថា បានគាស់ទំលុះទំលាយផ្ទះពលរដ្ឋមួយកន្លែង កាលពីយប់ ថ្ងៃទី១០ សីហា នៅភូមិគរ ឃុំស្នឹង រួចចូលលួចប្រាក់អស់ជិត១០លានរៀល និងកាតទូរស័ព្ទគ្រប់ប្រព័ន្ធជាច្រើនសន្លឹក ។
ជាមួយនឹងចម្លើយសារភាពអំពីសកម្មភាពរបស់ខ្លួន ដែលបានគាស់ទ្វារផ្ទះចូលលួចទ្រព្យសម្បត្តិជនរងគ្រោះខាងលើ ចោរដ៏សកម្មភាពរូបនេះ បានអះអាងថា ខ្លួនក៏ជាអ្នកប្រព្រឹត្តល្បែងស៊ីសងយ៉ាងមមាញឹកផងដែរ ក្រៅពីធ្វើសកម្មភាពដើរគាស់ផ្ទះលួចទ្រព្យសម្បត្តិអ្នកភូមិ ។
ជននេះបានទម្លាយប្រាប់មន្ត្រីការិយាល័យជំនាញថា នៅក្នុងទឹកដី ឃុំស្នឹង មានបនល្បែង«អាប៉ោង»ចំនួន០៤កន្លែង តែមួយកន្លែងបានផ្អាកដំណើរការហើយ ដោយសារទើបត្រូវកម្លាំងអធិការស្រុកចុះបង្ក្រាប ។ ឈ្មោះ ទុំ ដេត បានប្រាប់ពីទីតាំងល្បែងទាំងនោះថា ទីតាំងល្បែងអាប៉ោងចំនួន០៣កន្លែង ដែលកំពុងដំណើរការយ៉ាងរលូន ក្រោមក្រសែភ្នែកសមត្ថកិច្ចរួមមាន ១.នៅចំណុចលានស៊ីម៉ង់ត៍ ស្ថិតក្នុងភូមិបឹងក្រសាល ២.នៅចំណុចផ្លូវចូលទៅវត្តបឹងប្រី ស្ថិតក្នុងភូមិព្រះស្រែ និង៣.ត្រង់ចំណុចខាងក្រោយវត្តរំជៃ ស្ថិតក្នុងភូមិរំជៃ ដែលគោលដៅនេះ មានស្រីមានប្រុសលេងច្រើនវង់ រាប់ទាំងល្បែងខ្លាឃ្លោកផង។
ដោយឡែកមួយកន្លែងទៀតដែលបានផ្អាកដំណើរការ ត្រូវបានជនសង្ស័យឈ្មោះ ដេត បញ្ជាក់ប្រាប់ថា នៅចំណុចដំបូករលីង ក្នុងភូមិសំរោង គឺស្ថិតនៅប៉ែកខាងលិចផ្ទះខ្លួនប្រហែល៥០០ម៉ែត្រប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការអះអាងរបស់ជនសង្ស័យឈ្មោះ ទុំ ដេត តែប៉ុណ្ណោះ ដែលខ្លួនធ្លាប់ទៅប្រព្រឹត្តល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យទាំង០៤ទីតាំងនេះ មុនពេលត្រូវសមត្ថកិច្ចចាប់ខ្លួន ។ ប៉ុន្តែកោះសន្តិភាព នៅមិនទាន់អាចសុំការឆ្លើយតបពីសមត្ថកិច្ចមូលដ្ឋាននៅឡើយទេរហូតដល់ពេលនេះ។
ជុំវិញលោកចោរគាស់ផ្ទះ ហែកទម្លាយរឿងល្បែងព្រោងព្រាតខាងលើនេះ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានលើកឡើង គឺប្រហាក់ប្រហែលគ្នាទៅនឹងការអះអាងរបស់ជនសង្ស័យឈ្មោះ ទុំ ដេត ដែរ ។
អ្នកភូមិនិយាយថា ល្បែងស៊ីសងពិតជាកើតមានយ៉ាងសំបូរបែបដូចលោកចោរគាស់ផ្ទះនិយាយប្រាប់សមត្ថកិច្ចមែន ។ អ្នកភូមិបានបញ្ជាក់ថា ដោយសារតែនៅក្នុងអាណាចក្រទឹកដី ឃុំស្នឹង សំបូរបនល្បែងស៊ីសង សំបូរបទល្មើសគ្រឿងញៀន ដូច្នេះហើយទើបនៅក្នុងមូលដ្ឋានសំបូរចោរលួចមាន់ លួចទ្រព្យសម្បត្តិ និងចោរគាស់ផ្ទះពេលយប់ ខណៈសមត្ថកិច្ចមូលដ្ឋានហាក់មិនខ្វាយខ្វល់នឹងបទល្មើសទាំងនេះទេ ។ ហើយបើមានរឿងកើតឡើងភ្លាមៗ ប្ដឹងថ្ងៃនេះរហូតថ្ងៃស្អែកទើបឃើញលោកសមត្ថកិច្ចចុះទៅសួរនាំ ។
ជាក់ស្ដែងដូចជា ករណីលោកចោរគាស់ផ្ទះពលរដ្ឋឈ្មោះ អៀវសេង នៅភូមិគរ កាលពីយប់ថ្ងៃទី១០ សីហា ក្រោយពីម្ចាស់ផ្ទះដឹងថា ចោរគាស់ផ្ទះចូលលួចប្រាក់អស់ជិត១០លានរៀល ហើយជនរងគ្រោះទូរស័ព្ទប្ដឹងទៅមន្ត្រីប៉ុស្ដិ៍រដ្ឋបាលស្នឹង សុំជួយអន្តរាគមន៍ បែរជាលោកមន្ត្រីឆ្លើយតបវិញយ៉ាងគ្រូតគ្រាតដូច្នេះថា «ទៅធ្វើអីទាំងយប់ បើចោរលួចទៅហើយ ទៅទាំងយប់ក៏រកមិនឃើញវិញដែរ ចាំព្រឹកទៅ ចាំសមត្ថកិច្ចចុះទៅពិនិត្យ»។
ដោយសារតែនៅក្នុងទឹកដីអាណាចក្រ ឃុំស្នងឹ សព្វថ្ងៃនេះសំបូរបនល្បែងស៊ីសង សំបូរបទល្មើសគ្រឿងញៀន ដូច្នេះហើយទើបនៅតាមមូលដ្ឋានសំបូរទៅដោយចោរលួចមាន់ ចោរលួចទ្រព្យសម្បត្តិ និង ចោរគាស់ផ្ទះប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអសន្តិសុខ ព្រោះតែមិនអាចពឹងលើសមត្ថកិច្ចបាន ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព