ភ្លៀងធ្លាក់រាល់ថ្ងៃ ធ្វើឲ្យទឹកស្ទឹងភ្នំដំបងឡើងខ្លាំងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តតាមរមណីយដ្ឋាន
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិក្រចាប់ សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន គេសង្កេតឃើញទឹកស្ទឹងភ្នំដំបង មានការស្ទុះឡើងខ្លាំងជាងមុនបន្តិច ខណ:ភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃដែលអាចនឹងទាក់ទាញភ្ញៀវទេសចរ ឱ្យចូលទៅលេងកម្សាន្តនៅតាមខ្យុស ក្នុងអាហារដ្ឋានក្បែរៗ មាត់ស្ទឹងនេះផងដែរ ។
ប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ ទៀង សែន ជាម្ចាស់អាហារដ្ឋានធម្មជាតិគល់ស្ពានដំបង បានរៀបរាប់ឱ្យដឹងថា នៅរដូវវស្សានេះ មានភ្លៀងធ្លាក់ច្រើនជាងឆ្នាំមុនៗ ជាហេតុធ្វើឱ្យទឹកស្ទឹងដែលហូរធ្លាក់មកពីប្រទេសថៃ ឡើងខ្លាំងបន្តិច ហើយក៏ទាក់ទាញឱ្យភ្ញៀវទេសចរដែលធ្វើដំណើរ ឆ្លងកាត់ក្រុងប៉ៃលិន ទៅលេងឯស្រុកសំឡូត ខេត្តបាត់ដំបង នាំគ្នាចូលហូបអាហារ និងអង្គុយគយគន់មើលទឹកស្ទឹងនាពេលថ្ងៃចុងសប្តាហ៍នៅកន្លែងគាត់ផងដែរ ។
ប្រភពបន្តទៀតថា ការលក់ដូរក៏មានការកាក់កបជារៀងរាល់ថ្ងៃដែរ ពេលខ្លះមានភ្ញៀវច្រើន ពេលខ្លះមានតិចតួច មិនដាច់ម៉ូយនោះទេ ។ ភាគច្រើន គឺភ្ញៀវដើរលេងកម្សាន្ត ជាលក្ខណ:គ្រួសារ ចូលទៅកម្មង់ម្ហូបអាហារនៅកន្លែងគាត់ ទទួលទាន រួចនាំគ្នាអង្គុយលេងលំហែកាយ តាំងពីថ្ងៃ រហូតដល់ពេលល្ងាច ទើបនាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ។
ចំណែកភ្ញៀវទេសចរណ៍ម្នាក់ ឈ្មោះ នី ភេទស្រី រស់នៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹង ថា ជារៀងរាល់ពេលចុងសប្តាហ៍ ពួកគាត់តែងតែនាំកូនចៅ បើកបររថយន្តដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងក្រុងប៉ៃលិន ជាពិសេសកន្លែងដែលមានទឹកស្ទឹងហូរ ព្រោះធ្វើឱ្យពួកគាត់រំលឹកនូវអនុស្សាវរីយ៍ចាស់ៗ ដែលធ្លាប់ឆ្លងកាត់កាលពីយូរមកហើយ ។
ម្យ៉ាងវិញទៀត ការដើរលេងកម្សាន្តនេះ ក៏បង្កើតនូវអារម្មណ៍រីករាយ និងមានគំនិតថ្មីៗ ពោលគឺធ្វើឱ្យគាត់បំបាត់នូវក្តីថប់បារម្ភពីបញ្ហាស្មុកស្មាញផ្សេងៗ នៅក្នុងគ្រួសារផងដែរ ។ ដូច្នេះការដើរលេង លំហែកាយនាថ្ងៃចុងសប្តាហ៍ ពិតជាមានសារសំខាន់សម្រាប់គ្រួសាររបស់គាត់ ដោយជួនកាល ពេលថ្ងៃធ្វើការម្នាក់ៗ មានអារម្មណ៍ស្ត្រេសតប់ប្រមល់ និងមានការឈ្លោះប្រកែកក្នុងក្រុមគ្រួសារ លុះបាននាំគ្នាដើរកម្សាន្ត ស្រាប់តែនាំមកនូវទឹកចិត្តជ្រះថ្លា បំបាត់ការតប់មួរម៉ៅ និងការខឹងគ្នាក្នុងគ្រួសារអស់មួយកម្រិតផងដែរ ។
លើសពីនេះ នៅជិតថ្ងៃចូលឆ្នាំខ្មែររយ:ពេល៥ថ្ងៃ ឈានចូលមកដល់ ពួកគាត់មិនដឹងជាដើរលេងទៅកន្លែងណា ក៏នាំកូនចៅដើរលេងតាមអាហារដ្ឋានក្បែរៗ មាត់ស្ទឹង ជាកន្លែងដែលមាន ខ្យល់អាកាសត្រជាក់ ស្រស់ស្រាយ និងសប្បាយរីករាយនៅក្នុងចិត្តផងដែរ ៕