បាតុកម្មថ្មីបំផុតនៅហុងកុងកើតឡើងកាលពីល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ។ ក្រុមបាតុករបិទផ្លូវកណ្តាលទីក្រុងពាណិជ្ជកម្មមួយនេះ មុនពេលប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកបាតុកម្មដែលមានពួកសកម្មជនចូលរួមជាច្រើនរយនាក់ ។
ក្រុមបាតុករនាំគ្នាដង្ហែក្បួនរំលឹកខួប១ឆ្នាំនៃបាតុកម្មដែលពេលខ្លះផ្ទុះឡើងនូវអំពើហិង្សារបស់ពួកគេ ក៏ដូចជាស្ថានការកំពុងតានតឹង ក្រោយការអុនម័តអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុង ដែលគាំទ្រដោយរដ្ឋាភិបាលកណ្តាលនៅទីក្រុងប៉េកាំង ។
នៅថ្ងៃទី១០ ខែមិថុនា ប៉ូលិសហុងកុងបានប្រកាសថា ស្ត្រី១៧នាក់ និងបុរស៣៦នាក់ត្រូវបានឃាត់ខ្លួន ។ ពួកគេជួបជុំគ្នាគ្មានការអនុញ្ញាត និងចូលរួមបាតុកម្មខុសច្បាប់ ។ ក្រុមបាតុករបានប្រឆាំងបម្រាមរដ្ឋបាលហុងកុងមិនឲ្យជួបជុំគ្នាលើសពី៨នាក់ឡើងទៅ ដើម្បីការពារជំងឺកូវីដ១៩ឆ្លងរាតត្បាត ។
ក្រុមបាតុករភ័យខ្លាចថា ច្បាប់សន្តិសុខជាតិថ្មីនោះ ធ្វើឲ្យពួកគេបាត់បង់សិទ្ធិជាមូលដ្ឋាននៅហុងកុង ។ ប៉ុន្តែរដ្ឋអំណាចវិញអះអាងថា គ្មានអ្វីគួរឲ្យភ័យព្រួយចំពោះរឿងនេះទេ ។ ច្បាប់នេះសម្តៅប្រឆាំងទៅលើក្រុមបង្កបញ្ហាប៉ុណ្ណោះ ។
គួរជម្រាប់ថា ចាប់តាំងពីផ្ទុះបាតុកម្មនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅហុងកុង រហូតមកដល់ពេលបច្ចុប្បន្ន ស្លាប់មនុស្ស២នាក់ និងរបួសជាង ២ ៦០០ នាក់ ។ មនុស្សជាង ៩ ០០០ នាក់ត្រូវចាប់ខ្លួន ហើយក្នុងនោះ ១ ៧៤៩ នាក់ត្រូវចោទប្រកាន់ទោស ៕ ប្រែសម្រួលដោយ៖ thach yat