ប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់និងប្រពន្ធរបស់គាត់ដែលកំពុងមានផ្ទៃពោះពីបទលួចខ្សែកមាសដែលគិតជាប្រាក់គឺចំនួន ៧៨០០០បាត ពីហាងលក់មាសមួយក្នុងស្រុក Bacho ខេត្ត Narathiwat កាលពីថ្ងៃចន្ទ។
លោក Sulkiflee Sani និងភរិយាមានផ្ទៃពោះ ៧ខែឈ្មោះ Waeba Tayeh ត្រូវបានប៉ូលិសឃុំឃាំងនៅឯផ្ទះរបស់ពួកគេដែលស្ថិតនៅក្នុងភូមិ Moo ៦ ឃុំ Tambon Bareh Tai កាលពីល្ងាចថ្ងៃចន្ទ។ ពួកគេត្រូវបានចោទប្រកាន់ពីបទលួចខ្សែកពីហាង Ritwan goldក្នុងឃុំ Ton Sai នៃស្រុក Bacho ។
បន្ទាប់ពីលួចយកខ្សែកបានមួយចំនួនហើយជនល្មើសបានរត់ទៅបាត់ដែលបន្សល់ទុកម៉ូតូដែលពួកគេជិះមក។ តាមប្រភពប៉ូលិសបានឱ្យដឹងថាម៉ូតូដែលពួកគេជិះមកគឺជាម៉ូតូរបស់មិត្តភក្តិគេតែប៉ុណ្ណោះ។ ម្ចាស់ម៉ូតូមានឈ្មោះថា Nu Bueraheng បាននិយាយថាជនល្មើសដែលជាមិត្តភក្តិបានមកខ្ចីម៉ូតូពីគាត់។ បន្ទាប់ពីបានសួរចម្លើយ ជនល្មើសទាំងពីររូបបានសារភាពថាពួកគេធ្វើទង្វើបែបនេះគឺដើម្បីតែក្រពះប៉ុណ្ណោះ ព្រោះថាពួកគេមានកូនប្រុសអាយុពីរឆ្នាំនិងកូនក្នុងផ្ទៃមួយទៀត ដែលត្រូវចិញ្ចឹមបីបាច់។ ពួកគេក៏បានសារភាពថា ធ្លាប់បានលួចទ្រព្យសម្បត្តិនៅក្នុងហាងមាសមួយនៅស្រុក Yi Ngo កាលពីដើមខែមុនផងដែរ។ ពួកគេបានយកមាសដែលលួចបាននោះទៅលក់នៅស្រុក Sungai Padi ។
ប៉ូលិសបានចាប់ខ្លួនពួកគេបន្ទាប់ពីបានមកដល់ផ្ទះវិញ។ ប៉ូលិសបានរឹបអូសប្រាក់ដែលពួកគេមាននៅក្នុងកាបូបបានចំនួន ៣៧២៦០បាតមកវិញ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post