រាជរដ្ឋាភិបាលអំពាវនាវជាថ្មីដល់ស្ថាប័នហិរញ្ញវត្ថុកុំរឹបអូសទ្រព្យសម្បត្តិអ្នកជំពាក់ប្រាក់
រាជធានីភ្នំពេញ ៖ ស្ថិតក្នុងកាលៈទេសៈប្រជាជាតិកំពុងជួបបញ្ហាដោយសារតែជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលបានស្នើសុំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ធ្វើការយោគយល់ទៅដល់ប្រជាពលរដ្ឋដែលជំពាក់ប្រាក់ កុំឱ្យមានការរឹបអូសទ្រព្យសម្បត្តិឬដីធ្លីរបស់ពួកគាត់ ហើយមកដល់ថ្ងៃទី១៦សីហាឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលក៏បានអំពាវនាវជាថ្មីទៅដល់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា។
បើតាមសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ការគិតគូទៅដល់ប្រជាពលរដ្ឋគ្មានអ្នកណាចិត្តល្អលើសសម្តេចនោះទេ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍គ្មានអ្នកណាមានចិត្តជ្រះថ្លៃលើសហ៊ុនសែននោះទេ អំពាវនាវឱ្យធនាគារមានការយោគយល់ចំពោះអ្នកដែលបានជំពាក់ប្រាក់ ហើយសុំឱ្យរៀបចំឥណទានឡើងវិញដល់រាប់សិបម៉ឺនគ្រួសារ។ប៉ុន្តែពេលយើងកំពុងតែទន់ភ្លន់ កំពង់តែអំពាវនាវកុំឱ្យមានការរឹបអូសទ្រព្យសម្បត្តិនៅក្នុងដំណាក់កាលកូវីដ១៩ ឱ្យមានការអធ្យាស្រ័យ យោគយល់ពីសំណាក់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ បែរជាមានចលនាពីខាងក្រៅប្រទេសរុញឱ្យអ្នកនៅក្នុងប្រទេសធ្វើនូវកិច្ចការពីរ។
សម្តេចតេជោ បញ្ជាក់ថា«កិច្ចការឬចលនាទីមួយ ឱ្យអ្នកនៅក្នុងប្រទេសធ្វើចលនាទៅដកលុយចេញពីធនាគារដើម្បីឱ្យធនាគារនៅកម្ពុជាដួលរំលំ។នេះជាចលនាមួយ ឯចលនាទី២គឺកុំឱ្យប្រជាពលរដ្ឋខ្មែរដែលជំពាក់លុយសងលុយទៅធនាគារនិងមីក្រូហិរញ្ញវត្ថុ អីចឹងដើម្បីឆ្លើយតបនិងជាការព្រមាន ខ្ញុំបានប្រកាសថា បើអ្នកណាមួយធ្វើតាមអតីតឬមេឧទ្ទាមមិនព្រមសងលុយធនាគារ និងមីក្រូហិរញ្ញវត្ថុលើកទឹកចិត្តឱ្យមានការរឹបអូស»។
សម្តេចតេជោ សង្តត់ធ្ងន់ថា«តែឥឡូវខ្ញុំនៅតែនិយាយដដែល។ខ្ញុំអង្វរកធនាគារ មីក្រូហិរញ្ញវត្ថុយោគយល់ចំពោះការលំបាកក្នុងសងប្រាក់ទៅកាន់ធនាគារ ហើយអំពាវនាវឱ្យមានការរៀបចំឥណទានឡើងវិញ។ខ្ញុំហើយជាអ្នកចេញមុខអំពាវនាវឱ្យធនាគារនិងមីក្រូហិរញ្ញវត្ថុ យោគយល់ចំពោះការលំបាកនូវការបង់ត្រលប់នៅសំណងសម្រាប់អ្នកដែលបាត់បង់ការងារធ្វើបាត់ប្រាក់ចំណូល»។
យោងតាមសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បង្ហាញថាគិតត្រឹមចាប់ពីខែមិនា មកដល់ថ្ងៃទី០៩ សីហា ២០២០ មានអតិថិជនចំនួន ២៦៦ ៨១៨នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ ដោយសាររងផល់ប៉ះពាល់ដោយសារជំងឺកូវីដ១៩ ក្នុងនោះអតិថិជនចំនួន ២៥០.៩០៥នាក់ បានបានទទួលការអនុម័តរៀបចំឥណទានឡើងវិញ ក្នុងទំហំកម្ចីសរុប ១.២៣២លានដុល្លាសហរដ្ឋអាមេរិក។
បើតាមសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ការរៀបចំឥណទានឡើងវិញនេះនឹងបន្តធ្វើរហូតដល់ចុងឆ្នាំ២០២០នេះ។ថ្មីៗនេះខាងសមាគមសង្កេតឃើញមានអតិថិជនមួយចំនួនដែលបានរៀបចំឥណទានឡើងវិញហើយនោះ គាត់បានទាក់ទងមកខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីស្នើសុំបង់ប្រាក់ជាធម្មតាដូចមុនវិញ ដោយសារពួកគាត់មានចំណូលខ្លះឡើងវិញហើយដូចនេះស្នើសុំបង់តាមលក្ខខណ្ឌដើមកាលពីមុន៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព