ការជ្រើសរើសគូស្រករៀបការ និងធ្វើជាគូជីវិតដើរលើផ្លូវតែមួយជាមួយគ្នា មិនមែនជារឿងលេងសើចបាននោះទេ ជាពិសេសសម្រាប់យើងដែលជាមនុស្សស្រីនេះតែម្ដង។ ដូច្នេះហើយមុននឹងសម្រេចចិត្តជ្រើសបុរសណាជាស្វាមី សូម្បីមើលចំនុចខាងក្រោមនេះជាមុនសិន រួចសឹមពិចារណា៖
១. គ្មានទំនួលខុសត្រូវ
ហាមដាច់ខាត មិនថាយើងស្រឡាញ់បុរសម្នាក់នោះខ្លាំងប៉ុណ្ណានោះទេ ប៉ុន្តែប្រសិនបើគេជាប្រភេទមនុស្សដែលគ្មានទំនួលខុសត្រូវ យកល្អគួរតែជៀសឲ្យឆ្ងាយ ព្រោះមនុស្សបែបនេះទោះបីជាអ្នករៀបការរួមរស់ជាមួយគ្នា ក៏គេគង់តែបោះបង់អ្នកនៅពេលមានរឿងទាល់ច្រកកើតឡើង។
២. គ្មានគោលដៅ
បើកាលមនុស្សប្រុសគ្មានគោលជំហ និងគោលដៅសម្រាប់ជាបង្គោលគ្រួសារហើយ តើយើងជាស្រីទៅសង្ឃឹមអី ត្បិតយើងមានគោលជំហរ ប៉ុន្តែបើគេអត់ ជីវិតគូអាពាហ៍ពិពាហ៍នឹងត្រដាបត្រដួស។
៣. គ្មានភាពស្មោះត្រង់
មនុស្សប្រុសដែលគ្មានចិត្តស្មោះត្រង់ក្នុងការស្រឡាញ់យើងទៅថ្ងៃអនាគតគេនឹងនាំតែភាពទុក្ខសោកឲ្យយើង ហើយចុងក្រោយដែលអ្នកឈឺចាប់គឺជាយើងនេះឯង។
៤. មនុស្សទុកមិត្តភក្តិធំជាប្រពន្ធ
មិនមែនមិនឲ្យគេរាប់អានមិត្តភក្តិនោះទេ ប៉ុន្តែរាប់អានឲ្យវាល្មមៗបានហើយ មិនមែនចាត់ទុកប្រពន្ធត្រឹមជាធូលីជាប់ផ្ទះ ហើយមិត្តភក្តិជាធំនោះទេ។ មនុស្សប្រុសបែបនេះបើយើងបានធ្វើជាស្វាមី ច្បាស់ណាស់ថានឹងទឹកភ្នែក កើតការអាក់អន់ចិត្តមិនលោះពេលឡើយ។
៥. មនុស្សងប់ងល់នឹងស្រីស្រា និងល្បែងស៊ីសង
មនុស្សប្រុសបែបនេះជាការល្អបំផុតជៀសដប់គីឡូម៉ែត្រជាមុន ព្រោះគេនឹងធ្វើឲ្យយើងឈឺដូចធ្លាក់នរកទាំងរស់អ៊ីចឹង បើសិនជាបានជាស្វាមី។
៦. មនុស្សងប់ងល់នឹងខ្លួនឯង
មនុស្សមួយប្រភេទទៀតដែលយើងគួរតែកុំយកខ្លួនបៀតគឺមនុស្សដែលងប់ងល់នឹងសម្រស់ខ្លួនឯង ព្រោះមនុស្សប្រភេទនេះនឹងទុកអ្នកឲ្យចំបែង មិនសូវជាខ្វល់ខ្វាយពីអ្នក និងគិតតែពីខ្លួនឯង។
សរសេរអត្ថបទ៖ រីតា