
ក្លិប Monaco បានប្រកាសថា កីឡាករអ្នកចាំទី Danijel Subasic នឹងត្រូវចាកចេញពីក្លិបនៅចុងខែមិថុនាខាងមុខ បន្ទាប់ពីចំណាយពេលជាង៨រដូវកាលនៅទីនេះ។
អ្នកចាំទីសញ្ជាតិក្រូអាតវ័យ៣៥ឆ្នាំរូបនេះ បានបង្ហាញខ្លួនសរុបចំនួន ២៩២ប្រកួត សម្រាប់ក្លិប Monaco ចាប់តាំងពីផ្លាស់មកពីក្លិប Hajduk Split ក្នុងឆ្នាំ២០១២។
កីឡាករ Subasic នឹងត្រូវផុតកុងត្រាជាមួយ Monaco នៅថ្ងៃទី៣០ ខែមិថុនា។ រូបគេបានជួយឱ្យក្លិបឈ្នះពានរង្វាន់ Ligue 2 ដែលជាលីគលំដាប់ទី២ របស់បារាំង និងលីគកំពូល Ligue 1 ផងដែរ ហើយក៏ជាផ្នែកមួយក្នុងការជួយក្លិបឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រដូវកាល២០១៦-១៧។
លោក Dmitry Rybolovlev ប្រធានក្លិប Monaco បានបង្ហាញអារម្មណ៍ចំពោះការចាកចេញរបស់អ្នកចាំទី Subasic ដោយមានប្រសាសន៍ថា៖ “ខ្ញុំសូមអរគុណចំពោះ Danijel សម្រាប់ការប្រកបអាជីពដ៏ពិសេសរបស់គាត់ជាមួយពួកយើង។ គាត់បានមកដល់ទីនេះ តាំងពីពួកយើងស្ថិតនៅលីគលំដាប់ទី២មកម្ល៉េះ ហើយគាត់បានជួយក្លិបឡើងមកលេងនៅលីគកំពូលវិញ នេះជាគុណសម្បត្តិដ៏ធំធេងរបស់គាត់ “៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore