ប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក ទទួលបន្ទុកការគ្រប់គ្រងគ្រឿងសព្វាវុធ មានគម្រោងរៀបចំកិច្ចពិភាក្សាជាមួយនឹងមន្រ្ដីការទូតជាន់ខ្ពស់របស់រុស្ស៊ី ស្ដីអំពីអាវុធមហាប្រល័យលោក។
សារព័ត៌មាន Tass គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានចេញផ្សាយ នៅថ្ងៃទី៩ ខែមិថុនា ថា លោក Marshall Billingslea ប្រេសិតពិសេសរបស់ប្រធានាធិបតីអាមរិក ទទួលបន្ទុកការគ្រប់គ្រងអាវុធ បានថ្លែង កាលពីថ្ងៃទី៨ ខែមិថុនា ថា លោកបានព្រមព្រៀងជាមួយនឹងលោក Sergei Ryabkov អនុរដ្ឋមន្រ្ដីក្រសួងការបរទេស ដើម្បីចរចាអំពីអាវុធនុយក្លេអ៊ែរ នៅចុងខែនេះ។ រីឯភាគីចិន ក៏នឹងត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ។
ប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក បានសរសេរ នៅលើបណ្ដាញសង្គម Twitter របស់លោកថា «ថ្ងៃនេះយើងបានឯកភាពជាមួយនឹងអនុរដ្ឋមន្រ្ដីការបរទេសរុស្ស៊ី លោកRyabkov អំពីពេលវេលា និងកន្លែង សម្រាប់ការចរចា ស្ដីអំពីអាវុធនុយក្លេអ៊ែរ នៅក្នុងខែមិថុនា។ រីឯភាគីចិនក៏ត្រូវអញ្ជើញឲ្យចូលរួមផងដែរ»។ តើចិនបង្ហាញចេតនា ក្នុងការចរចាដែរឬទេ?
ប្រភពព័ត៌មានដដែល បានក៏លើកយកសម្ដីរបស់មន្រ្ដីក្រសួងការបរទេសអាមេរិកម្នាក់ សុំមិនបញ្ចេញឈ្មោះ បញ្ជាក់ថា លោក Ryabkov និងលោក Billingslea អាចចរចាគ្នាស្ដីអំពីអាវុធបរមាណូ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅទីក្រុងវីយ៉ែន ប្រទេសអូទី្រស។ រីឯរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ទទួលស្គាល់ថា ការពង្រីកសន្ធិសញ្ញា New START នេះ អាចនឹងជាប្រធានបទកំពូលផងដែរ។ ប៉ុន្ដែមន្រ្ដីអាមេរិកខាងលើនេះ បានបញ្ជាក់ផងដែរថា ទីក្រុងវ៉ាស៊ីនតោន នៅមិនទាន់បានត្រៀមខ្លួន ដើម្បីពិភាក្សាអំពីលក្ខខណ្ឌ សម្រាប់ពង្រីកនូវសន្ធិសញ្ញានេះនៅឡើយ។
បើតាមមន្រ្ដីការទូតរុស្ស៊ី បានឲ្យដឹងថា វោហារសាស្រ្ដរបស់អាមេរិក ពាក់ព័ន្ធនឹងចិន នៅក្នុងសន្ធិសញ្ញា New START គឺកើតចេញពីនយោបាយរបស់អាមេរិក ចំពោះចិន ច្រើនជាងការគិតអំពីសន្ដិសុខច្រើនជាង។
រដ្ឋមន្រ្ដីការបរទេសរុស្ស៊ី លោក Sergey Lavrov ធ្លាប់ថ្លែង កាលពីខែមុនថា រុស្ស៊ី និងអាមេរិក មានគម្រោងចូលប្រជុំតាមវីដេអូខន់ហ្វឺរ៉ិន ស្ដីអំពីស្ថិរភាពជាយុទ្ធសាស្រ្ដ។ លោកបានព្រមព្រៀងជាមួយនឹងលោក Michael Pompeo រដ្ឋមន្រ្ដីការបរទេសអាមេរិក ដើម្បីបង្កើតកិច្ចព្រមព្រៀង រវាងប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក ទទួលបន្ទុកការគ្រប់គ្រងគ្រឿងសព្វាវុធ លោក Marshall Billingslea និងអនុរដ្ឋមន្រ្ដីការបរទេសរុស្ស៊ី លោក Sergei Ryabkov ។
សូមជម្រាបថា New START គឺជាសន្ធិសញ្ញាបង្កើតឡើង រវាងសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី ស្ដីអំពីវិធានការកាត់បន្ថយ និងកំណត់ពីអាវុធយុទ្ធសាស្រ្ដ ហើយសន្ធិសញ្ញានេះបានចូលជាធរមាន កាលពីថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១១៕ ប្រែសម្រួលដោយ Nuon