សារព័ត៌មាន 24newshd.tv បានផ្សាយ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ថា មានមនុស្សយ៉ាងតិច៥នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍ភ្លើងឆេះរោងចក្រចម្រាញ់ប្រេង ស្ថិតនៅទីក្រុង Faisalabad ប្រទេសប៉ាគីស្ថាន ។
ប្រភពបានបញ្ជាក់ថា ហេតុការណ៍ភ្លើងឆេះរោងចក្រនេះ បានកើតឡើង កាលពីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ។
មន្ត្រីនៅក្នុងតំបន់ បានបញ្ជាក់ប្រាប់ថា មូលហេតុនៃអគ្គិភ័យនេះ មិនទាន់ដឹងនោះទេ កំពុងស្ថិតក្រោមការស៊ើបអង្កេត ។ រោងចក្រចម្រាញ់ប្រេងដែលត្រូវភ្លើងឆេះ ស្លាប់កម្មករ៥នាក់ និង៥នាក់ទៀតរងរបួសនោះ ស្ថិតនៅតាមដងផ្លូវ Jhang ។
ក្រុមពន្លត់អគ្គិភ័យបានឆ្ពោះទៅកាន់ទីតាំងកើតហេតុ ធ្វើប្រតិបត្តិការសង្គ្រោះ និងពន្លត់ភ្លើង ។
អ្នករងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យស៊ីវិល នៅទីក្រុង Faisalabad ។ ស្ថានភាពរបួសរបស់ពួកគេ មានសភាពធ្ងន់ធ្ងរ ។
រោងចក្រចម្រាញ់ប្រេងមួយនេះ ស្ថិតនៅភាគខាងកើតប្រទេសប៉ាគីស្ថាន មានផ្ទុកប្រេងប្រមាណ ១០០,០០០ លីត្រ នៅពេលដែលអគ្គិភ័យបានឆាបឆេះ ។ ក្រុមអ្នកជួយសង្គ្រោះ និងអ្នកពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៨ គ្រឿង ៕ ប្រែសម្រួលដោយ៖ thach yat