កងកម្លាំងចម្រុះដឹកនាំដោយអាមេរិក បានថ្លែងថា យន្តហោះយោធាមួយគ្រឿងរបស់អាមេរិក បានធ្លាក់ចូលក្នុងបន្ទាយយោធា នៅក្នុងប្រទេសអ៊ីរ៉ាក់ នាភាគខាងជើងរដ្ឋធានីបាដាដ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
សារព័ត៌មាន Stripes បានផ្សាយ នៅថ្ងៃទី៩ ខែមិថុនាថា ហេតុការណ៍នេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។
អ្នកនាំពាក្យកងកម្លាំងចម្រុះដឹកនាំដោយអាមេរិក នៅអ៊ីរ៉ាក់ Myles Caggins បានប្រាប់សារព័ត៌មាន AP ថា យន្តហោះយោធា ប្រភេទ C-130 បានធ្លាក់នៅមូលដ្ឋាន Taji ប្រទេសអ៊ីរ៉ាក់ បណ្ដាលឲ្យរបួសទាហាន៤នាក់។ បច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងការព្យាបាល នៅមន្ទីរពេទ្យយោធា Taji ហើយមិនមានអ្នករងរបួសណាម្នាក់ ក្នុងចំណោមពួកគេ រងការគំរាមកំហែងដល់អាយុជីវិតនោះទេ ។
ប្រភពព័ត៌មានដដែល បានបន្ដថា យន្តហោះបានរត់ហួសផ្លូវ ជ្រុលទៅបុកជញ្ជាំង បណ្ដាលឲ្យខូចខាតយន្តហោះ និងបង្កអគ្គិភ័យទ្រង់ទ្រាយតូច ។ ឧប្បត្ដិហេតុនោះ គឺពុំមានការសង្ស័យពាក់ព័ន្ធនៅក្នុងហេតុការណ៍ណាមួយនេះទេ ។ ទោះជាយ៉ាងណា ការស៊ើបអង្កេតបន្ថែម ក៏កំពុងតែដំណើរការ៕ ប្រែសម្រួលដោយ៖ thach yat