ដើម្បីសុវត្ថិភាពដល់សិស្សទូទាំងប្រទេស ប្រធានាធិបតីហ្វីលីពីន បានសម្រេច មិនបើកទ្វារសាលារៀន នៅពេលនេះឡើយ ដោយសារខ្លាចឆ្លងរាលដាលដល់សិស្ស។ រដ្ឋាភិបាលបានសម្រេចពន្យារពេល រហូតដល់មានថ្នាំព្យាបាល ប្រឆាំងកូវីដ១៩ ទើបអាចបើកសាលាឲ្យសិស្សចូលរៀនវិញ។
កាលពីនៅរសៀល ថ្ងៃទី៨ ខែមិថុនា មន្ត្រីហ្វីលីពីន បានប្រកាសថា សិស្សរាប់លាននាក់ នៅក្នុងប្រទេសនេះ មិនទាន់អនុញ្ញាតឲ្យចូលរៀនវិញនៅឡើយ គឺរហូតដល់មានវ៉ាក់សាំងការពារ និងថ្នាំព្យាបាលកូវីដ-១៩ ។ ការសម្រេចចិត្តបែបនេះ គឺក្នុងគោលដៅទប់ស្កាត់កូវីដ-១៩ ឱ្យមានប្រសិទ្ធភាព ខណៈថ្នាំព្យាបាលមិនទាន់មាននៅឡើយ។
នៅក្នុងសេចក្តីប្រកាស ក្រួសងអប់រំហ្វីលីពីន លោក Leonor Briones បានបញ្ជាក់យ៉ាងច្បាស់ថា «យើងនឹងគោរពទៅតាមការណែនាំរបស់ប្រធានាធិបតី ពន្យារពេលឲ្យសិស្សចូលរៀនវិញ រហូតដល់មានថ្នាំព្យាបាលកូវីដ-១៩ »។
បើគិតមកទល់ពេលនេះ ហ្វីលីពីនមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ២២.៤៧៤នាក់ និងស្លាប់១.០១១នាក់។ ជាមួយគ្នានេះ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ហ្វីលីពីនមានករណីឆ្លងថ្មីចំនួន៥៧៩នាក់ ។
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានលើកឡើងថា លោកមិនចង់ឲ្យសិស្សចូលរៀនវិញ ក្នុងពេលមិនទាន់មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩នោះឡើយ ព្រោះវាអាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់។ លោកបន្តទៀតថា ការចូលរៀនអាចប្រឈមនឹងហានិភ័យ នៃការឆ្លងខ្ពស់ ដោយសារសិស្សអង្គុយក្បែរគ្នា៕ ប្រែសម្រួលដោយ៖ MEO