អ្នកប្រដាល់ចាស់វស្សា ទិត្យ សុវណ្ណគិរី ថាការប្រកួតឈ្នះ សេក ចាន់រាជ ម្សិលមិញនេះមិនសូវពិបាកទេ អ្វីដែលពិបាកនោះគឺខ្លួនឯងនៅឈឺដៃជើងនៅឡើយពីការប្រកួតមុនៗ។ សុវណ្ណគិរី បានឲ្យដឹងថា សម្រាប់ការប្រកួតម្សិលមិញនេះរូបគេមិនបានត្រៀមខ្លួនឲ្យរួចរាល់ ១០០% នោះទេពោលដោយសារតែនៅឈឺដៃជើងនៅឡើយពីការប្រកួតមុន។ យ៉ាងណាមិញការប៉ះសិស្សប្អូនជំនាន់ក្រោយ សេក ចាន់រាជ នេះមិនសូវជាពិបាកនោះទេ ដោយគ្រាន់តែចេញអាវុធដូចជាការទាត់ជើងមិនល្អ ពិបាកក្នុងការចេញស្នៀតម្ដងៗ។
អតីតកូនសិស្សលោក អេ ភូថង រូបនេះបន្តប្រាប់ទៀតថា សេក ចាន់រាជ គឺល្អទាំងអស់ ហើយកម្លាំងក៏បានទៀត នៅពេលខាងមុខប្រសិនបើបន្តខំប្រឹងប្រែងហ្វឹកហាត់នោះនឹងក្លាយជាកីឡាករដែលមានថ្វីដៃមួយរូបក្នុងវិស័យគុនខ្មែរ។
រំលឹកដែរថា ទិត្យ សុវណ្ណគិរី ម្សិលមិញនេះប្រកួតឈ្នះពិន្ទុលើកីឡាករ សេក ចាន់រាជ នៅសង្វៀនថ្មី CNC។ បច្ចុប្បន្ននេះ សុវណ្ណគិរី ជាកីឡាករ និងគ្រូជំនួយនៃក្លឹបប្រដាល់ប៉ែនកាក់គុនខ្មែររបស់លោក ស៊ន អេលីត៕