ក្រសួងសាធារណការ ប្រកាសទុកពេលផាកពិន័យ ចំពោះអ្នកប្រើប្រាស់សេវាសាធារណៈ លើវិស័យដឹកជញ្ជូនផ្លូវគោក ដែលផុតសុពលភាព
សល់តែរយៈពេល ២២ថ្ងៃទៀតទេ ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងចុះអនុវត្តការផាកពិន័យចំពោះម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មណា ដែលមិនបានបង់ថ្លៃ ការប្រើប្រាស់សេវាសាធារណៈ លើវិស័យដឹកជញ្ជូនផ្លូវគោក តាមការកំណត់របស់ក្រសួង។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលTNAOT APP បានទទួល កាលពីល្ងាចថ្ងៃទី៨ ខែមិថុនានេះ បានឱ្យដឹងថា ក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើការប្រកាសដល់សាធារណជន ម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងអស់ ដែលប្រើប្រាស់សេវាសាធារណៈរបស់ក្រសួង ត្រូវចូលខ្លួនមកបង់ការប្រើប្រាស់សេវាសាធារណៈ លើវិស័យដឹកជញ្ជូនផ្លូវគោក តាមការកំណត់របស់ក្រសួង។
បើយោងប្រកាសអន្តរក្រសួងលេខ ១៤៦០ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការផ្តល់សេវាសាធារណៈ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មានសេវាសាធារណៈ មួយចំនួន ដែលតម្រូវឱ្យមានការបង់ផាកពិន័យ ចំពោះការយឺតយ៉ាវលើសពី៣០ថ្ងៃឡើងទៅ សម្រាប់ការបន្តសុពលភាព។
ជាមួយគ្នានេះ ក្រសួងនឹងអនុវត្តការផាកពិន័យនេះ ដោយគិតចាប់ពីថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២០ ចំពោះភាពយឺតយ៉ាវ ឬមិនបានមកបន្តសុពលភាព លើការប្រើប្រាស់ សេវាសាធារណៈលើវិស័យដឹកជញ្ជូនផ្លូវគោក តាមការកំណត់របស់ក្រសួង រួមមាន៖ ១.លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូន ២. ការចុះបញ្ជីរថយន្តផ្លាកលេខ AT ឡើងវិញ ៣. ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទ និងអាជិវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ៤.បណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់ សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត និងលិខិត អនុញ្ញាតឱ្យធ្វើអាជីវកម្មបង្រៀនបើកបរយានយន្ត។
ក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើការអំពាវនាវដល់ សាធារណជន ម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងអស់ ត្រូវរួសរាន់មកបន្តសុពលភាព ឱ្យទាន់ពេលវេលាកំណត់ជាក់ ជាពុំខាន ដើម្បីជៀសវាងទទួលនូវការផាកពិន័យនេះ៕ ដោយ៖ ឃួន លក្ខិណា