លោក Joe Biden ទទួលបានការគាំទ្រខ្ពស់ ជាង៥០ភាគរយ ក្នុងការស្ទង់មតិ៣លើកផ្សេងៗគ្នា នាពេលកន្លងមក គឺទទួលបានច្រើនជាងលោកស្រី ហ៊ីលឡារី គ្លីនតុន ទៅទៀត ពេលជិតដល់បោះឆ្នោត កាលពីឆ្នាំ២០១៦។
រាល់ការស្ទង់មតិរបស់បេក្ខភាពប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញឲ្យឃើញថា លោក Joe Biden មានការគាំទ្រខ្ពស់បំផុត ។ បើតាមលទ្ធផលស្ទង់មតិរបស់ NBC News/Walk Street Journal បង្ហាញឲ្យឃើញថា ការគាំទ្រលោក Joe Biden ខ្ពស់ជាងលោក ត្រាំ ដល់ទៅ៧ពិន្ទុ។ នៅពេលនេះ លោក Biden ទទួលបានការគាំទ្រដល់ទៅ៥០ភាគរយ ចំណែកលោក ត្រាំ មានតែ ៤២ភាគរយប៉ុណ្ណោះ ។
ជាមួយគ្នានោះដែរ អតីតមេរបស់លោក Biden គឺអតីតប្រធានាធិបតីអូបាម៉ា បានអំពាវនាវដល់ពលរដ្ឋ ពិសេសគឺក្រុមនិស្សិតចូលរួមបោះឆ្នោត ដើម្បីកែប្រែនយោបាយដឹកនាំអាមេរិក។
អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងភរិយា Michelle Obama បានអំពាវនាវឲ្យក្រុមនិស្សិតដែលទើបតែបញ្ចប់វគ្គសិក្សា ឆ្នាំ២០២០ ទៅចូលរួមបោះឆ្នោត នៅខែវិច្ឆិកាខាងមុខ ដើម្បីផ្លាស់ប្តូរនយោបាយដឹកនាំ។ លោកអូបាម៉ា បានលើកឡើងថា ការធ្វើបាតុកម្មមួយមុខមិនគ្រប់គ្រាន់ ដើម្បីបញ្ចប់អយុត្តិធម៌ ក្នុងសង្គមនិងការរើសអើងជាតិសាសន៍។
ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រតាម អនឡាញ នៅថ្ងៃទី៧ ខែមិថុនា ដែលបានផ្សាយផ្ទាល់តាមប្រព័ន្ធ Youtube ។ លោកអូបាម៉ា បានបញ្ជាក់ថា ក្រុមយុវជនយុវនារី ដើរតួនាទីយ៉ាងសំខាន់ដល់លិទ្ធិប្រជាធិបតេយ្យ និងបញ្ចប់ការរើសអើងជាតិសាសន៍។
ក្រៅពីនេះក៏មានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបមកពីគណបក្សសាធារណរដ្ឋ ក៏បានប្រកាស មិនបោះឆ្នោតជូនលោក ត្រាំ នោះឡើយ បើទោះជានៅក្នុងបក្សតែមួយក្តី ៕ ប្រែសម្រួលដោយ៖ MEO