កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ លោក Lee Jae-yong ប្រធានក្រុមហ៊ុនអេឡិចត្រូនិកសាមសុងនៅកូរ៉េខាងត្បូង បានបង្ហាញខ្លួននៅក្នុងសវនាការតុលាការ ទីក្រុងសេអ៊ូល ក្រោមការចោទប្រកាន់ចំនួន២បទល្មើសផ្សេងគ្នា ។
បណ្តាញទូរទស្សន៍កូរ៉េខាងត្បូង Arirang បានផ្សាយថា លោក Lee Jae-yong បានរងចោទប្រកាន់បទល្មើស ទីមួយ គឺទាក់ទងការច្របាច់បញ្ចូលគ្នាដ៏ចម្រូងចម្រាស កាលពីឆ្នាំ២០១៥ រវាងក្រុមហ៊ុន Samsung C&T និងក្រុមហ៊ុន Cheil Industries ។
លោក Lee រងចោទប្រកាន់ថា មានឧបាយកលដោយចេតនា ទម្លាក់តម្លៃភាគហ៊ុន Samsung C&T ឲ្យធ្លាក់ចុះទាប និងបំប៉ោងតម្លៃភាគហ៊ុន Cheil Industries ក្នុងគោលបំណងច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរនេះដោយមិនមានផលប៉ះពាល់ ។
លោក Lee ក៏នៅរងចោទប្រកាន់បន្ថែមទៀត ពីបទល្មើសបំប៉ោងតម្លៃក្រុមហ៊ុនឱសថ Samsung Biologics តាមរយៈការបង្កើតគណនីក្លែងបន្លំផងដែរ ។
ការស៊ើបអង្កេតបានចាប់ផ្តើមកើតឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ នៅពេលដែលគណៈកម្មការអនាគត និងមូលបត្រ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់គណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុកូរ៉េខាងត្បូងនោះដាក់ពាក្យបណ្តឹងមួយប្រឆាំងទៅលើក្រុមហ៊ុនជីវសាស្ត្រ Samsung Biologics ពីបទសង្ស័យក្លែងបន្លំគណនី ។
រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចាប់ផ្តើមស៊ើបអង្កេតរឿងក្តីនេះតាំងពីពេលនោះមក ដើម្បីដាក់បន្ទុកចោទប្រកាន់ប្រឆាំងទៅលើលោក Lee ។
សវនាការកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា មានរយៈពេលជាច្រើនម៉ោង ដើម្បីសម្រេចថា តើត្រូវចេញដីកាឃាត់ខ្លួនលោក Lee Jae-yong ដែរឬយ៉ាងណា ។ លទ្ធផលត្រូវបានរំពឹងថា នឹងប្រកាសនៅយប់ថ្ងៃទី៨ ខែមិថុនា ឬនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ។
បើសិនតុលាការចេញដីកាឃាត់ខ្លួនលោក Lee Jae-yong មែននោះ គឺជាលើកទីពីរហើយ ក្នុងរយៈពេល២៨ខែ ដែលលោក Lee ត្រូវបានតុលាការចាប់ខ្លួន ។
លោក Lee Jae-yong ធ្លាប់បានជាប់ឃុំប្រហែលមួយឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ ។ លោកបានរួចខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ៕ ប្រែសម្រួលដោយ៖ thach yat