កំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋ៤៦០ខ្នងត្រូវខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំខូចខាតយ៉ាងដំណំ ប៉ុន្តែមិនបង្កឲ្យរងរបួសដល់នរណាម្នាក់ទេ ។ ហេតុការណ៍នេះបានកើតឡើង កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
ពលរដ្ឋនៅទីនោះបានប្រាប់ TNAOT APP ឲ្យដឹងថា មុនពេលកើតហេតុមានភ្លៀងធ្លាក់លាយឡំ នឹងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង ហើយបានវាយប្រហារមកលើឃុំខាងលើ បណ្តាលឲ្យផ្ទះជាច្រើនខ្នងរងការខូចខាតជាបន្តបន្ទាប់ ក្នុងនោះ មានផ្ទះខ្លះដួលរាបដល់ដី ធ្វើឲ្យម្ចាស់ផ្ទះមិនមានទីជម្រក និងផ្ទះខ្លះទៀតរបើកដំបូលខូចខាតសម្ភារជាច្រើនទៀតផងដែរ។
ករណីខ្យល់កន្ត្រាក់នេះ អាជ្ញាធរមូលដ្ឋានបានកោះប្រជុំពិភាក្សាភ្លាមៗ ដើម្បីរកវិធីដោះស្រាយ ចំណែកក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ក៏បានចុះត្រួតទៅពិនិត្យ និងវាយតម្លៃទៅលើការខូចខាតផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នោះ ដើម្បីផ្ដល់សម្ភារ ព្រមទាំងថវិកាដល់ក្រុមគ្រួសាររងគ្រោះ។
ការចុះទៅសង្កេតពិនិត្យជាក់ស្តែងជំហានដំបូងអាជ្ញាធរមូលដ្ឋាន សង្កេតឃើញថា មានការខូចខាតផ្ទះប្រជាពលរដ្ឋ៤៦០ខ្នង ប៉ុន្តែក្រោយធ្វើការវាយតម្លៃរបស់រដ្ឋបាលឃុំសំបូរ បានឲ្យដឹងថា គ្រួសារដែលប៉ះពាល់ដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់មាន៣២៤ គ្រួសារ ចំនួនសមាជិក ១ ៤៥៤ នាក់ក្នុងនោះមានស្រី ៨២៥នាក់។
ផលប៉ះពាល់ធ្ងន់ធ្ងរមាន២០គ្រួសារ ផលប៉ះពាល់មធ្យមមាន១២២ គ្រួសារ និងប៉ះពាល់ស្រាលមាន១៨២គ្រួសារ ក្នុងចំណោម១៨ភូមិ ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕ ដោយ៖ ផេង ភាព