នាវាចម្បាំងបំបាំងកាយរបស់រុស្ស៊ី Admiral Flota Kasatonov បានបញ្ចប់ការធ្វើតេស្តរបស់ខ្លួន ហើយមានគម្រោងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងជួរកងកម្លាំងទាហានជើងទឹករបស់ប្រទេសរុស្ស៊ី ។
ប្រភពព័ត៌មានរុស្ស៊ីបានផ្សាយ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ថា នាវាចម្បាំង Admiral Flota Kasatonov ត្រូវបានរចនាឡើង ដោយបច្ចេកវិទ្យាទំនើប អាចបំបាំងកាយ បាន និងមានប្រសិទ្ធភាពប្រយុទ្ធពហុគោលដៅ ក្នុងនោះដូចជាការរុករក និងប្រឆាំងនាវាមុជទឹក ប្រឆាំងទៅលើយន្តហោះចម្បាំង និងប្រឆាំងទៅលើប្រព័ន្ធមីស៊ីលការពារផងដែរ ។
សេចក្តីថ្លែងការណ៍របស់កម្លាំងជើងទឹករុស្ស៊ីបញ្ជាក់ថា « នាវាចម្បាំង ២២៣៥០ «Admiral Flota Kasatonov» បានបញ្ចប់ការសាកល្បងដោយជោគជ័យ និងបានវិលត្រឡប់ទៅកាន់មូលដ្ឋាន North Shipyard ។ ក្នុងខែមិថុនា នាវាចម្បាំងមានការកែសម្រួល ហើយបន្ទាប់មកនឹងបញ្ជូនទៅកាន់កងកម្លាំងជើងទឹករុស្ស៊ី ដើម្បីប្រើប្រាស់» ។
ប្រភពព័ត៌មានរុស្ស៊ី បានបញ្ជាក់ទៀតថា នាវាចម្បាំង Kasatonov នេះ ត្រូវបានបង្កើតឡើងជាមួយការបំពាក់បច្ចេកវិទ្យាបំបាំងកាយ គេចពីប្រព័ន្ធរ៉ាដារបស់សត្រូវ អំឡុងពេលមានសង្គ្រាម នៅតំបន់សមុទ្រឆ្ងាយៗ ។ នាវាចម្បាំងនេះ នឹងក្លាយជាផ្នែកមួយរបស់កងនាវាចរណ៍ភាគខាងជើងរុស្ស៊ី ។
សូមបញ្ជាក់ថា នាវាចម្បាំងបំបាំងកាយរបស់រុស្ស៊ីនេះ បានចាប់ផ្តើមស្ថាបនាឡើង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៩ ។ ការសាកល្បងដំបូងចាប់ផ្តើម នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ។ នាវាចម្បាំងនេះផលិតឡើងដោយក្រុមហ៊ុន Severnaya Verf មានទទឹង ១៦ម៉ែត្រ បណ្តោយ១៣៥ម៉ែត្រ ទម្ងន់សរុប ៤ ០៨២លានគីឡូក្រាម និងល្បឿន ៣៧គីឡូម៉ែត្រក្នុងមួយម៉ោង ៕ ប្រែសម្រួលដោយ៖ thach yat