ក្លិបបាល់ទាត់ Napoli នឹងប្រកាសពីការបន្តកុងត្រាថ្មីជាមួយកីឡាករខ្សែប្រយុទ្ធ Dries Mertens ក្នុងពេលឆាប់ៗខាងមុខនេះ។
ខ្សែប្រយុទ្ធ Mertens នឹងផុតកុងត្រាជាមួយក្លិប Napoli នៅថ្ងៃ៣០ ខែមិថុនា បន្ទាប់ចំណាយរយៈពេលជាង៧ឆ្នាំនៅទីនេះ ហើយប្រសិនបើក្លិបមិនផ្តល់កិច្ចសន្យាថ្មីឱ្យកីឡាកអន្តរជាតិសញ្ជាតិបែលហ្ស៊ិករូបនេះនៅពេលខាងមុខទេ នោះគេចាកចេញពីក្លិបដោយគ្មានតម្លៃខ្លួនផ្ទេរ។
យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ពីលោក Cristiano Giuntoli ប្រធានផ្នែកកីឡារបស់ក្លិប Napoli ប្រាប់ទៅទូរទស្សន៍ Sky Sport Italia ថា៖ “Mertens បានបង្ហាញពីការស្រឡាញ់របស់គាត់ជាមួយយើង ដោយគាត់ពិតជាចង់ពាក់អាវនេះបន្តទៀត ហើយយើងនឹងប្រកាសពីការបន្តកិច្ចសន្យាថ្មីក្នុងពេលឆាប់ៗនេះ”។
ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្លាស់ទៅចូលរួមជាមួយក្លិប Inter ក៏ដូចជា Chelsea, Arsenal និង Manchester United ផងដែរ។ សម្រាប់រដូវកាលនេះ រូបគេរកគ្រាប់បាល់បញ្ចូលទីបាន៦គ្រាប់ ពីការបង្ហាញខ្លួនចំនួន២១ប្រកួត ក្នុងក្របខ័ណ្ឌ Serie A របស់ប្រទេសអ៊ីតាលី៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia