“កាំបិតផ្គាក់” ធ្លាប់ជាឧបករណ៍ធ្វើសឹកខ្មែរ ប្រើការពារ និងពង្រីកទឹកដីនាសម័យអង្គរ
ផ្គាក់ ជាឧបករណ៍បុរាណមួយប្រភេទជាប្រភេទកាំបិត ដែលខ្មែរនៅបន្តប្រើដល់សព្វថ្ងៃ។ គេប្រើផ្គាក់សម្រាប់ ត្រួសល្បោះឈើតូចៗក្នុងព្រៃ ចម្ការស្រែ ត្រួសផ្លូវដើរឲ្យស្រឡះ កាប់អុស កាប់ឈើតូចៗល្មមអាចកាប់បាន និងការពារខ្លួនពេលដើរព្រៃស្ងាត់ ក្រែងជួបសត្វដែលនាំគ្រោះភ័យ។
បើក្រឡេកមើលទៅសម័យបុរាណវិញ តាមរយៈចម្លាក់ជាច្រើន បង្ហាញថា ខ្មែរបានប្រើផ្គាក់ជាអាវុធសំខាន់សម្រាប់ការពារខ្លួនក្នុងសង្គ្រាម និងវាយទៅលើសត្រូវ។ ចម្លាក់លើជញ្ជាំងថែវប្រាសាទអង្គរបាន បង្ហាញពីអ្នកកាន់ផ្គាក់សុទ្ធសឹងជាមេទ័ពជួរមុខ ហើយព្រះរាជា ព្រះបាទសូរ្យវរ្ម័នទី២ ក៏មានកាន់ផ្គាក់ដែរ ដោយព្រះអង្គគង់លើដំរីមានព្រះហស្តកាន់ផ្គាក់។
ចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័នសាងនាចុងសតវត្សទី១២វិញ មានបង្ហាញអ្នកស្រុកជនបទខ្មែរប្រើផ្គាក់ ពេលចេញទៅព្រៃ ឬ ទៅចម្ការ។ ផ្គាក់មានច្រើនប្រភេទ តួយ៉ាងដូចជា ផ្គាក់សង្វារ ដោយមានគ្រឿងបង្គំដូចជា៖ ផ្លែ, ស្នៀត, ចង្កំ, ទ្រនាប់ និងដង។
មានពាក្យបណ្ដៅមួយដែលទាក់ទងនឹងឧបករណ៍នេះ “ដងមួយខែ ផ្លែមួយថ្ងៃ”។ ការលើកប្រស្នាបែបនេះ ដោយសារការរកឫស្សីមកធ្វើដង គឺត្រូវការពេលវេលាយូរ ព្រោះត្រូវរកឫស្សីតាន់ ចាស់ល្អ និងមានរាងកោង រីឯផ្លែផ្គាក់គេអាចឲ្យជាងដំ តែមួយថ្ងៃនឹងបានប្រើជាការស្រេច៕
កែសម្រួល៖ Wow Cambodian