ភ្នំពេញ៖ ក្រសួងសុខាភិបាល បានកត់សំគាល់ឃើញថា ការឆ្លងជំងឺកូវីដ១៩ មានភាពរប៉េះរប៉ោះៗ បង្ហាញពីស្ថានភាពចម្លងវីរុសកូវីដ១៩ នៅកម្ពុជា មានការពិបាកប៉ាន់ស្មានពីលទ្ធភាព នៃការចម្លងវីរុសនេះនៅក្នុងប្រទេស និងនៅតែជាហានិភ័យសុខភាពសាធារណៈ ដែលតម្រូវឲ្យបុគ្គលគ្រប់រូបមានការប្រុងប្រយ័ត្នខ្ពស់ និងបន្តការការពារសុខភាពផ្ទាល់ខ្លួនជាប់ជានិច្ច។ទន្ទឹមនឹងការបន្តរកឃើញឆ្លងថ្មី ក្រសួងសុខាភិបាលបានបសង្កេតឃើញថា បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋមួយចំនួន បាន និងកំពុងតែចល័តដោយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ជាពិសេសការដើរកម្សាន្តនានា ឬក៏ មានការជួបជុំគ្នាច្រើនជាដើម ដោយភ្លេចខ្លួនក្នុងការបន្តអនុវត្តវិធនការការពារខ្លួន ពីការចម្លងវីរុសកូវីដ១៩។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកថា ឥរិយាបទធ្វេសប្រហែស និងសន្តិភាពនិយម ជាមួយវីរុសកូវីដ១៩ របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ជាហានិភ័យសុខភាពសាធារណៈ ដែលអាច នឹងកើតមានឡើង នូវការចម្លងរោគក្នុងចំណោម ក្រុមមនុស្ស នៅទីកន្លែងណាមួយ នៅពេលណាមួយ និងនៅកាលៈទេសៈណាមួ ហើយដែលអាចឈានទៅដល់ស្ថានភាព នឹងអាចកើតមាននូវរលកទីពីរ នៃការចម្លងវីរុសកូវីដ១៩ នៅកម្ពុជាផងដែរ។ដើម្បីបញ្ចៀសពីហានិភ័យដែលពិបាកនឹងប៉ាន់ស្មានបាន នូវការកើតឡើងរលកទី២ នៃការចម្លងវីរុសដ៏សាហាវនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានធ្វើការអំពាវនាវ ក្រើនរំលឹក និងណែនាំដល់បងប្អូនសាធារណៈជនទាំងអស់ ត្រូវតែនាំគ្នាបន្តកិច្ចការពារសុខភាពរបស់ខ្លួន ដោយបគ្គលគ្រប់រូប ត្រូវអនុវត្តវិធានការសាមញ្ញៗ មានដូចជាការរក្សាអនាម័យដៃស្អាតជាប់ជានិច្ច ប្រើម៉ាស់ ឬក្រមា ឬក្រដាសជូតមាត់ ក្នុងករណីចាំបាច់ ដើម្បីខ្ទប់មាត់ និងច្រមុះ ពេលក្អកកណ្តាស់ និង រក្សាគម្លាតសុវត្ថិភាពសង្គម និង គម្លាតសុវត្ថិភាពបុគ្គលជាចាំបាច់ ទោះជាទៅទីណាក៏ដោយ៕ ដោយ៖ ប៊ុនធឿន