Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បាតុកម្មប្រឆាំង «ការប្រកាន់ពូជសាសន៍» ​របស់អាមេរិក​ រាលដាលពាសពេញពិភពលោក​

នៅចុងសប្តាហ៍នេះ (៦ មិថុនា) បាតុកម្ម​ផ្ទុះ​ឡើង​នៅពាសពេញពិភពលោក ទៅលើអ្វីដែល​ក្រុមបាតុករ​ចាត់ទុកថា ជាការរើសអើងជាតិសាសន៍​នៅក្នុងទឹកដីអាមេរិក «ប៉ូលិសស្បែកស​យកជង្គត់សង្កត់កបុរសស្បែកខ្មៅ​ស្លាប់​» នោះ។ បាតុកម្មនៅពេលនេះ មិនត្រឹមតែ​នៅលើទឹកដីអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​នៅ​អូស្ត្រាលី, អង់គ្លេស, បារាំង, កូរ៉េខាងត្បូង, ជប៉ុន ក៏ដូច​ជានៅ​អាល្លឺម៉ង់​ផងដែរ ។

សូមរំលឹកថា បុរសឈ្មោះ George Floyd អាយុ៤៦ឆ្នាំ កាលពីថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២០ បានស្លាប់​នៅពេលដែល​​ត្រូវប៉ូលិស​ចាប់​ខ្លួន​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក ។ ការ​ស្លាប់​របស់បុរស​ស្បែក​ខ្មៅ​ម្នាក់​នេះ ដែលដៃ​ជាប់​ខ្នោះ​ហើយ​ថា ​លោក​ដក​ដង្ហើម​មិន​កើត ​​ពេល​ប៉ូលិស​ស្បែក​ស​​​យក​ជង្គង់​សង្កត់​ក​​ផ្ទប់​នឹងដី​ជិត៩នាទីនោះ​ បាន​នាំ​ឲ្យមាន​ការ​តវ៉ា​នៅ​តាម​​ទីក្រុង​នានា​នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក ។ 

បាតុកម្មពីសំណាក់ប្រជាជនរាប់សែននាក់​នៅអាមេរិក​បានអូសបន្លាយពេលជាង​១០ថ្ងៃមកហើយ មិនទាន់​ឈប់នោះទេ ទោះបី​បម្រាមគោចរនៅពេលយប់ ត្រូវបានអនុវត្ត ក៏ដូចជា​ច្បាប់ឃ្លាតឆ្ងាយសង្គម​ទប់ស្កាត់កូវីដ​១៩យ៉ាងណាក៏ដោយ ។ បាតុកម្ម​ពេលខ្លះ​ផ្ទុះឡើងនូវអំពើហិង្សា និងលួចឆក់ប្លន់ទ្រព្យសម្បត្តិជាហូរហែ ធ្វើឲ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់​ ត្រាំ ឈឺក្បាល​ក្រពុលមុខយ៉ាងខ្លាំង ហើយរហូតគំរាមដាក់ពង្រាយ​កម្លាំងទាហានដើម្បីបង្ក្រាបថែមទៀតផង ។ 

នៅទីក្រុង ស៊ីដនី ក៏ដូចទីក្រុងមួយចំនួនផ្សេងទៀត​របស់អូស្ត្រាលី កាលពីថ្ងៃទី៦ ខែមិថុនា ប្រជាជន​នៅទីនោះ បាននាំគ្នាដង្ហែក្បួន​បាតុកម្ម​​ទាមទារយុត្តិធម៌ ក៏ដូចជាប្រឆាំងការ​រើសអើងជាតិសាសន៍​ ដែលប៉ូលិស​ស្បែកសអាមេរិក​ប្រព្រឹត្តទៅលើ​បុរសស្បែកខ្មៅ George Floyd នោះផងដែរ ។ ពួកគេលើកបដា​​​ក្នុងន័យអំពាវនាវ​បញ្ឈប់ការរើសអើងជាតិសាសន៍ និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ។  

ដូចគ្នានេះដែរ នៅអង់គ្លេស ទីក្រុងឡុងដ៍ បាតុករ​រាប់ពាន់នាក់ដង្ហែក្បួន​បាតុកម្ម​​​ ដែលកម្មវត្ថុ​គឺដូចគ្នា​ទៅនឹង​បាតុកម្មនៅអូស្ត្រាលីផងដែរ ។ បាតុកម្ម​នៅអង់គ្លេស​ថ្កោលទោស​ទង្វើប្រកាន់ពូជសាសន៍​នៅអាមេរិកនោះ ហើយថា វានឹងមិនកើតឡើងទៀតទេ នៅក្នុងពេលអនាគត ។ 

នៅប្រទេសបារាំងវិញ​ បាតុករបានលើកបដាសរសេរថា​ «ស្បែកខ្មៅ​មិនមែន​ជា​ឧក្រិដ្ឋជន»ទេ ។ «ប៉ូលិស​របស់យើងទេតើជាឃាតក»។ ក្រសួងមហាផ្ទៃបារាំង​​បានឲ្យដឹងថា​ នៅទូទាំងប្រទេសបារាំង​បាតុករប្រហែល ២៣ ០០០ នាក់ បានចូលរួម​ដង្ហែក្បួន​កាលពីថ្ងៃទី៦ ខែមិថុនា ទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះស្បែកខ្មៅ George Floyd ដែលបានស្លាប់ក្រោមស្នាដៃរបស់ប៉ូលិសស្បែកស សហរដ្ឋអាមេរិក ។ 

ចំណែកនៅប្រទេសអាល្លឺម៉ង់វិញ ក្រុមកីឡាករ​បាល់ទាត់មួយចំនួន​បានសម្តែងកាយវិការ​ប្រឆាំងចំពោះ​ការរើសអើងជាតិសាសន៍​នៅអាមេរិកនោះផងដែរ ។ ពួកគេ​បានលុតជង្គង់​​ជានិមិត្តសញ្ញា មុនពេលពួកគេចាប់ផ្តើម​ប្រកួត ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9340442