ប្រើវិធីផ្លាស់ប្តូរផ្នត់គំនិតនេះ ប្រសិនបើអ្នកចង់ជោគជ័យក្នុងអាជីពនៅថ្ងៃអនាគតរបស់អ្នក
ការដែលអ្នកគិតពីការបរាជ័យក្នុងជីវិតរបស់អ្នកមានសារៈសំខាន់ណាស់ក្នុងការពង្រឹងភាពរឹងមាំរបស់អ្នកដើម្បីឲ្យអ្នកអាចសម្រេចបាននូវភាពជោគជ័យកាន់តែច្រើនក្នុងអាជីព និងការងារ។ លើសពីនេះទៅទៀត ផ្នត់គំនិតរបស់មនុស្សកាន់តែមានសារៈសំខាន់ទៅទៀតក្នុងពេលដែលប្រទេស និងពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាដូចការផ្ទុះជំងឺកូវីដ ១៩ ជាដើម។
វាងាយស្រួលណាស់ក្នុងការចាប់ផ្តើមការស្តីបន្ទោសខ្លួនឯងព្រោះតែការបរាជ័យដែលកើតមានឡើងភាគច្រើនមកពីកត្តាដែលអ្នកមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែអ្វីដែលអ្នកត្រូវសួរខ្លួនឯងគឺ «តើខ្ញុំបានសម្រេចចិត្តត្រឹមត្រូវទេពេលដែលកំពុងមានសំណាងមិនល្អនេះ? តើខ្ញុំកំពុងតែពង្រឹងនូវជំនាញដែលខ្ញុំត្រូវការដើម្បីកាន់តែជោគជ័យក្នុងអាជីពខ្ញុំទេ? តើខ្ញុំកំពុងតែរកមើលឱកាសក្នុងពេលដែលមានវិបត្តិទេ?» សំណួរទាំងនេះនឹងផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក និងធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលជាងមុនផងដែរ។ ការមានផ្នត់គំនិតវិជ្ជមាននឹងអនុញ្ញាតឲ្យអ្នកទទួលយកនូវឱកាសថ្មីៗខណៈដែលអ្នកដទៃមើលឃើញតែឧបសគ្គ ហើយអារម្មណ៍ល្អនឹងជួយជំរុញទឹកចិត្តមនុស្សជុំវិញខ្លួន និងទាក់ទាញមនុស្សកាន់តែច្រើនឲ្យចូលមកកាន់ជីវិតរបស់អ្នកដែលអាចជួយគាំទ្រអ្នកជាដើម។
អ្នកស្រាវជ្រាវបានចំណាយពេលជាច្រើនដើម្បីសិក្សាពីការផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សដោយផ្លាស់ប្តូរអត្ថន័យនៃស្ថានការមួយដែលមនុស្សជួបប្រទះ។ ការសិក្សាមួយរបស់សាកលវិទ្យាល័យ Columbia បានប្រទះឃើញថា ផ្នែកមួយនៃខួរក្បាលដែលបង្កើតនូវអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភមានសកម្មភាពតិចជាងមុនពេលដែលមនុស្សព្យាយាមផ្លាស់ប្តូរទស្សនៈអវិជ្ជមានដែលពួកគេមានលើស្ថានការណាមួយឲ្យទៅជាទស្សនៈវិជ្ជមានវិញ។
មនុស្សដែលជោគជ័យក្នុងគ្រប់វិស័យចូលចិត្តប្រើពាក្យវិជ្ជមានដើម្បីបកស្រាយពីលទ្ធផលណាមួយដែលពួកគេទទួលបាន។ ឧទាហរណ៍ដូចជាការគិតថាការបរាជ័យគ្រាន់តែជាមេរៀនដែលនឹងជួយឲ្យអ្នកមានឱកាសជោគជ័យកាន់តែខ្ពស់នៅថ្ងៃមុខជាដើម។ លោកវីលៀម ចេមស៏ (William James) ដែលជាទស្សនៈវិទូនិងអ្នកជំនាញផ្នែកចិត្តសាស្ត្រធ្លាប់បាននិយាយថា «របកគំហើញធំបំផុតក្នុងជំនាន់របស់ខ្ញុំគឺមនុស្សលោកអាចផ្លាស់ប្តូរជីវិតរបស់ពួកគេបានដោយផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួន»៕ (យោងតាមប្រភពពី www.businessinsider.com) ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព