អ្នកស្នេហាវិស័យបាល់ទាត់ ត្រូវបានបើកភ្លើងខៀវឲ្យចូលទស្សនាក្នុងកីឡដ្ឋានវិញហើយ ចាប់ពីខែក្រោយតទៅ។
សារព័ត៌មាន The Sun បានរាយការណ៍ថា រដ្ឋាភិបាលរបស់អង់គ្លេស បានអនុញ្ញាតឲ្យព្រឹត្ដិការណ៍កីឡាមួយចំនួនដូចជាការប្រកួត ស្នុកខ័រពិភពលោក, កីឡា Rugby និងកីឡាប្រណាំងឡានជាដើម បើកឲ្យមានអ្នកចូលទស្សនាឡើងវិញ។
ដោយឡែកការប្រកួតបាល់ទាត់ក្របខណ្ឌ Premier League ដែលនឹងចាប់ផ្ដើមឡើងនៅថៃ្ងទី១២ ខែកញ្ញាខាងមុខ ដោយការប្រកួតខ្លះនឹងសាកល្បងឲ្យមានអ្នកគាំទ្រចូលទស្សនា ខណៈគម្រោងក្នុងការបើកឲ្យចូលទស្សនាគ្រប់ប្រកួតពេញលេញនោះ គឺនៅខែតុលា។
យ៉ាងណាក្ដី វាពិតជាមិនដូចអ្វីដែលអ្នកទស្សនាអាចធើ្វបានដូចរាល់ដងនោះទេ ដោយអ្នកទស្សនាត្រូវបានបង្ខំឲ្យចុះហត្ថលេខាលើក្រមសីលធម៌ អំឡុងការទស្សនាការប្រកួត ដើម្បីជៀសវាងនៅការបង្កជាសកម្មភាពផ្សេងៗ។
សម្រាប់កន្លែងអង្គុយ និងត្រូវដាក់អង្គុយចន្លោះពីគ្នាដើម្បីឲ្យប្រាកដថា អ្នកចូលទស្សនានៅតែប្រតិបត្ដិការរក្សាគម្លាត ហើយមុនពេលចូលទៅកីឡដ្ឋាន អ្នកគាំទ្រនឹងតម្រូវឲ្យពិនិត្យកម្ដៅរបស់ខ្លួន។
លោកនាយករដ្ឋមន្រ្តី Boris Johnson បានពន្យល់ថា «នៅគ្រប់ដំណាក់កាល ខ្ញុំបាននិយាយថាផែនការរបស់យើង គឺដើម្បីបើកដំណើរឡើងវិញនូវសកម្មភាព និងស្ថានភាពសេដ្ឋកិច្ចដែលយើងធ្លាប់មាន»៕
«ថ្ងៃនេះយើងអាចប្រកាសពីការផ្លាស់ប្តូរមួយចំនួនទៀត ដែលនឹងអនុញ្ញាតឱ្យមនុស្សកាន់តែច្រើនវិលត្រឡប់ទៅធ្វើការ ដើម្បីទទួលបានមកវិញនូវអ្វីដែលពួកគេបានខកខាន។ បើជាការចាំបាច់ យើងត្រូវបន្តអនុវត្តវិធានការក្នុងតំបន់ដើម្បីជួយគ្រប់គ្រងការរីករាលដាលនៃមេរោគ»៕
ប្រភព៖ The Sun