ខេត្តព្រះសីហនុ ៖ មានករណីបុរសម្នាក់ និងនារីម្នាក់បានបាត់បង់ជីវិតភ្លាមៗ ក្នុងហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ១១២-១១៣ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ភាគីខាងរថយន្ដបែនមួយគ្រឿង ក្បាលពណ៍ខៀវ ទ្រុងពណ៍ត្រេអុី ពាក់ស្លាក់លេខ ចង្កូតស្ដាំ PP 2313 បើកបរដោយឈ្មោះ ឆោម ស៊ីន ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិក្រាំងតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ ចំណែកភាគីខាងម៉ូតូមួយគ្រឿងជិះគ្នា២នាក់ ម៉ាកវ៉េវ ពណ៌ក្រហម បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានបាត់បង់ជីវិត និងនារីម្នាក់ជាអ្នករួមដំណើរដែលបានបាត់បង់ជីវិតឈ្មោះ ជឿន ខន រស់នៅភូមិទួលខ្មែរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធ៍សាត់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដបែនមួយគ្រឿងខាងលើធ្វើដំណើរក្នុងគោលដៅពីភ្នំពេញទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយម៉ូតូមួយគ្រឿងជិះគ្នា២នាក់ មានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ បណ្តាលឱ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរបាត់បង់ជីវិតទាំង២នាក់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម៉ូតូ និងរថយន្តបានរងការខូចខាត ។
បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្ដព្យាយាមបើកគេចចេញពីកន្លែងកើតហេតុដែរ ប៉ុន្តែត្រូវកម្លាំងល្បាតរបស់អាវុធហត្ថស្រុកកំពង់សីលាសហការជាមួយខាងប៉ូលិសធ្វើការឃាត់បានទាំងរថយន្ដ និងអ្នកបើកបរនៅចំណុចគីឡូម៉ែត្រលេខ១០៧-១០៨។
បច្ចុប្បន្ន អ្នកបើកបរ និងរថយន្ដ ព្រមទាំងម៉ូតូ ត្រូវបាននាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សិលាដើម្បីចាត់ការតាមនីតិវិធី។ចំណែកសពជនរងគ្រោះទាំង២នាក់ត្រូវបានយកទៅតម្កល់ទុកនៅវត្តស្ទឹងច្រាល ដើម្បីស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព