រាជធានីភ្នំពេញ ៖ កិច្ចប្រតិបត្តិការសហការបង្ក្រាបការរក្សាទុក ដឹងជញ្ជូន និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ ដែលមានការផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ច ហើយជនសង្ស័យជាជនជាតិបរទេស២នាក់ ត្រូវបានចាប់ខ្លួន និងដកហូតថ្នាំញៀនជាង២គីឡូក្រាម រួមទាំងអាវុធខ្លី១ ដើមផងដែរ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនម្នាក់ឈ្មោះ អ៊ី រីស៊ី (YI RISHI) ភេទប្រុស ជនជាតិចិន និងម្នាក់ទៀតឈ្មោះ យ៉ាវវ៉ាឡាក់ កេតសាយ (YAVALAK KETSAI) ភេទស្រី ជាជនជាតិថៃ ។
បើតាមលោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការចង្អុល និងដឹកនាំផ្ទាល់ពីនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីម៉ោង៧និង២០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលជំនាញការិយាល័យទី១០ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អ៊ុំ សុភក្តី បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្រា្កបបទល្មើសគ្រឿងញៀនចំនួន២គោលដៅ ។
ប្រភពដដែលបន្តថា ដោយគោលដៅទី១-បានប្រព្រិត្តទៅនៅចំណុចផ្លូវ១៤៣ ជិតវង្វង់មូលផ្សារសំពៅមាស ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ។ បន្ទាប់មកក៏ឈានទៅដល់ការបង្ក្រាបនៅគោលដៅទី២-វេលាម៉ោង៩និង៤០ នាទីយប់ថ្ងៃដដែល ដើម្បីបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្សពួក និងមេក្លោងដែលស្នាក់នៅបន្ទប់លេខ០៧២១ របស់ខុនដូ «ដាយមិន វ័ន» ( Diamond One) ក្បែរមជ្ឈមណ្ឌលក្រុងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បន្តថា កិច្ចបង្ក្រាបនោះ ជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀនបានស្ទុះចេញពីក្នុងបន្ទប់ខុនដូ រួចក៏ផ្ទុះអាវុធបាញ់ស្រោចមកលើកម្លាំងសមត្ថកិច្ច ដោយកាំភ្លើងខ្លីប្រមាណពី៥ទៅ៦គ្រាប់ ដើម្បីរំដោះបក្សខ្លួន ធ្វើឲ្យសមត្ថកិច្ចបាញ់តបតវិញ ដើម្បីការពារខ្លួន បណ្ដាលឲ្យជនល្មើសបោះកាំភ្លើងចោលរត់គេចខ្លួន ។
លោកបន្តថា ជាលទ្ធផលជាក់ស្តែងបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ជាជនជាតិថៃម្នាក់ទៀត និងចាប់យកវត្ថុតាង ៖ ១-សារធាតុញៀនប្រភេទមេតំហ្វេតាមីន និងកេតាមីនទម្ងន់១.៩៥៣ ក្រាម ២៣ ។ ២-សារធាតុគីមីផ្សំទម្ងន់២០១ ក្រាម ៩៦ ។ សរុបថ្នាំញៀនទាំងអស់ប្រមាណជាង (២គីឡូក្រាម) ។ ៣-អាវុធខ្លី១ដើមធុន CaL9mmPAK មានគ្រាប់ចំនួន១៥គ្រាប់ និងសំបកគ្រាប់ផ្ទុះរួចចំនួន៥គ្រាប់ ។ ៤-ជញ្ជីងថ្លឹងគ្រឿងញៀន៧គ្រឿង និងសម្ភារៈកែច្នៃវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត និង៥-រថយន្តធុន TUNDRA ១គ្រឿង និងទូរស័ព្ទចំនួន៣គ្រឿង ។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន រួមទាំងសហការីដែលជា(កូនចៅ) ទាំងអស់ក្រោមឱវាទបានថ្លែងអំណរគុណចំពោះលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ដឹកនាំកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះផ្ទាល់ដល់គោលដៅនៃកិច្ចប្រតិបត្តិការ យ៉ាងក្តៅគគុកនោះបានទាន់ពេលវេលា ។
ក្រោយចប់ប្រតិបត្តិការខាងលើ សមត្ថកិច្ចក៏បានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីផងដែរ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព