ខេត្តបន្ទាយមានជ័យ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ ខែមិថុនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ការយល់ដឹងច្បាស់លាស់ នាំឲ្យការថែទាំមានប្រសិទ្ធភាព» និងដុតបំផ្លាញគ្រឿងញៀនចោលទម្ងន់៩៣គីឡូក្រាមដែលជាវត្ថុតាំងរឹបអូសបានចំនួន៤ខេត្ត នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅបរិវេណសកលវិទ្យាល័យមានជ័យ ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងយុត្តិធម៌ ប្រធានសាលាដំបូង ថ្នាក់ដឹកនាំខេត្តទាំង៤ រួមមាន ៖ ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តសៀមរាប និងខេត្តកំពង់ធំ ព្រមទាំងថ្នាក់នាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក៩ យុវជន និងប្រជាពលរដ្ឋបានចូលរួមផងដែរ។
តាមរបាយការណ៍របស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបញ្ជាក់ថា ក្រោយពេលដែលគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើការពិនិត្យផ្ទៀងផ្ទាត់បទល្មើសគ្រឿងញៀនចំនួន៤ខេត្ត រួចមក ៖ ១-ខេត្តបន្ទាយមានជ័យ មានគ្រឿងញៀនទម្ងន់២៣គីឡូក្រាម, ២-ខេត្តឧត្តរមានជ័យ មានគ្រឿងញៀនទម្ងន់៩គីឡូក្រាម, ៣-ខេត្តសៀមរាប មានគ្រឿងញៀនទម្ងន់៥៨គីឡូក្រាម និង៤-ខេត្តកំពង់ធំ មានគ្រឿងញៀនទម្ងន់៦ក្រាម។ ដែលចំនួនសរុបគ្រឿងញៀនទាំងអស់ដែលបានពិនិត្យផ្ទៀងផ្ទាត់ទាំងប្រភេទទឹក គ្រាប់ ម្សៅ គឺសរុបទំងន់៩៣គីឡូក្រាមឯណោះ។
លោក អ៊ុំ រាត្រី បានប្រសាសន៍ថា ទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ ខែមិថុនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ការយល់ដឹងច្បាស់លាស់ នាំឲ្យការថែទាំមានប្រសិទ្ធភាព» គឺមានគោលបំណងចង់ពញ្ញាក់ស្មារតីយុវជនចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន។ ពិសេសលោកក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចដែលបានខិតខំយ៉ាងសកម្មលើកិច្ចការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដូចភ្លៀងរលឹមទាំងយប់ទាំងថ្ងៃដោយមិនខ្លាចការនឿយហត់។
ថ្លែងនាឱកាសនោះ លោក កើត រិទ្ធ បានមានប្រសាសន៍ជម្រុញដល់គ្រប់អ្នកពាក់ព័ន្ធ ជាពិសេសខេត្តជាប់ព្រំដែន ប្រទេសជិតខាង ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរត់ពន្ធគ្រឿងញៀនខុសច្បាប់ចូលមកកម្ពុជាតាមច្រកព្រំដែន ដែលចំណុចនេះអាជ្ញាធរមានសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់កុំឲ្យកើតមានករណីនេះ។ ដោយក្នុងឆ្នាំ២០២០នេះ យើងរឹបអូសបានគ្រឿងញៀនបានជាង២តោន ត្រូវបានដុតកម្ចេចចោល និងឃាត់ខ្លួនជនសង្ស័យបានជាង៦ម៉ឺន៧ពាន់នាក់ផងដែរ។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា គ្រោះថ្នាក់នៃគ្រឿងញៀនមាន៣យ៉ាងគឺ ៖ ១-រងគ្រោះសម្រាប់ខ្លួនឯង បំផ្លាញអនាគត ខូចប្រាជ្ញាស្មារតី, ២-ប៉ះពាល់ដល់ក្រុមគ្រួសារ សហគមន៍ បង្កនូវភាពអសន្តិសុខផ្សេងៗដូចជា ៖ ករណីលួច ឆក់ ប្លន់ ជាដើម, និង៣-គ្រោះថ្នាក់សម្រាប់ប្រទេសជាតិ ដែលធ្វើឲ្យះប៉ពាល់ដល់ការអភិវឌ្ឍន៍ប្រទេស បាត់បង់ធនធានមនុស្ស សម្រាប់ជួយកសាងប្រទេសជាតិ។
ក្នុងនោះផងដែរ លោកក៏បានលើកឡើងនូវវិធានការណ៍៣យ៉ាង ៖ ១-ផ្តើមចេញពីខ្លួនឯង ត្រូវឆ្លើយថាទេចំពោះគ្រឿនញៀន កុំចង់សាក កុំចង់ដឹង ហើយក៏កុំចង់ភ្លក់រសជាតិ។ ២-វិធីសង្គ្រោះខ្លួនឯង ដោយទទួលបានយកសេវាព្យាបាល និងបន្សាបគ្រឿងញៀន និង៣-ត្រូវណែនាំទៅដល់មិត្តភត្កិ ក្រុមគ្រួសារ សហគមន៍ ពីផលប៉ះពាល់នៃគ្រឿងញៀន។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងជាអនុប្រធានអាជ្ញាធរជាតិប្រយុងប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍សង្កត់ធ្ងន់ថា ៖ ជនណាដែលរត់ពន្ធ ចែកចាយគ្រឿងញៀន មិនថាមានបុណ្យសក្តិធំប៉ុណ្ណា អាងខ្នងធំប៉ុណ្ណាក៏ដោយ មិនត្រូវបានលើកលែងឡើយ ត្រូវតែផ្តន្ទាទោសតាមច្បាប់៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព