យ៉ាងហោចណាស់ក៏មានមនុស្ស ១៥នាក់ស្លាប់ ក្នុងនោះមានសន្តិសុខ១១នាក់ ក្រោយពេលគ្រាប់បែកបង្កៃនៅតាមផ្លូវ ក្នុងខេត្ត Badakhshan ភាគខាងជើង អាហ្វហ្គានីស្ថាន នៅថ្ងៃទី៦ខែមិថុនា ។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ករណីផ្ទុះខាងលើកើតឡើង ក្នុងពេលដែល រថយន្តប៉ូលិស ដឹកក្រុមសន្តិសុខ ឆ្លងកាត់តំបន់ Khash ក៏ត្រូវគ្រាប់បែកផ្ទុះតែម្តងបណ្តាលឲ្យមនុស្សនៅលើរថយន្ត១៥នាក់ស្លាប់។
ក្រុមតាលីបង់បានបង្កៃគ្រាប់បែក នៅតាមផ្លូវនិងនៅតាមទីក្រុង នានាបានសម្លាប់មនុស្សជាច្រើន ក្នុងនោះមានពលរដ្ឋស្លូតត្រង់។ ប៉ុន្តែនៅពេលនេះក្រុមតាលីបង់ មិនទាន់ប្រតិកម្មឬសេចក្តីប្រកាស់ទទួលស្គាល់ ថាជាសកម្មភាពរបស់ខ្លួននោះឡើយ។
អំពើហិង្សា កើនឡើង ចាប់តាំងពី ក្រុមតាលីបង់ និងអាមេរិក ចុះកិច្ចព្រមព្រៀង នៅទីក្រុងកាតារ ជាការបើកផ្លូវឲ្យអាមេរិកដកទាហានចេញពីអាហ្វហ្គានីស្ថាន។ តាមកិច្ចព្រមព្រៀង អាមេរិក និងកម្លាំងទាហាននៅក្រៅប្រទេសបានសន្យា ដកទាហានចេញពីអាហ្វហ្គានីស្ថានមុនខែ កក្កដា ឆ្នាំ២០២១ បញ្ចប់សង្គ្រាមអូសបន្លាយយូបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក។ ផ្ទុយទៅវិញក្រុមតាលីបង់ និងធានាដល់សន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ក្រោយពិធីបុណ្យ Eid al-Fitr បានបញ្ចប់ ក្រុមតាលីបង់ បានប្រកាសបទឈប់បាញ់ រយៈពេល ៣ថ្ងៃ ប៉ុន្តែក្រោយបទឈប់បាញ់ផុតកំណត់ ក្រុមតាលីបង់បានបង្កើនការវាយប្រហារជាថ្មី ។ កាលពីថ្ងៃទី២៩ខែឧសភា ក្រុមតាលីបង់ក៏បានវាយប្រហារ ទីតាំងត្រួតពិនិត្យរបស់កម្លាំងសន្តិសុខ អាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្ស១៤នាក់ស្លាប់ ៕ ប្រែសម្រួលដោយ៖ MEO