លទ្ធផលសិក្សាសម្រាប់សិស្សានុសិស្សមានសារៈសំខាន់ណាស់ព្រោះវាចារជាឯកសារដែលនឹងត្រូវបានប្រើអស់មួយជីវិត។ ប៉ុន្តែជាក់ស្តែង លទ្ធផលសិក្សារបស់មនុស្សម្នាក់ៗមិនអាចធានាដល់អនាគតរបស់ពួកគេទាំងស្រុងទេ។ ផ្ទុយមកវិញ យើងអាចមើលឃើញក្នុងសង្គមជុំវិញពិភពលោកថា មានមហាសេដ្ឋីជាច្រើនដែលបានកសាងទ្រព្យសម្បត្តិបានស្តុកស្តម្ភដោយមិនបានសម្រេចបានការសិក្សាខ្ពស់ផង។
ខាងក្រោមគឺជាមហាសេដ្ឋីមួយចំនួនដែលបានសម្រេចនូវភាពជោគជ័យនេះបន្ទាប់ពីបានប្រឡងធ្លាក់ ឬសម្រេចចិត្តមិនបន្តការសិក្សាពេលដែលនៅវ័យក្មេង៖
១. អ្នកស្រី ឃិនហ្វៃ (Zhou Qunfei)
មហាសេដ្ឋីស្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកនេះមិនបានប្រឡងធ្លាក់ទេ ប៉ុន្តែអ្នកស្រីធ្លាប់មកពីគ្រួសារក្រីក្រតាំងពីនៅវ័យក្មេង។ ព្រោះតែជីវភាពគ្រួសារ អ្នកស្រីមិនមានសមត្ថភាពក្នុងការបន្តការសិក្សាឡើយដែលបានធ្វើឲ្យអ្នកស្រីសម្រេចចិត្តមិនបន្តការសិក្សានៅអាយុ១៦ឆ្នាំ។
បន្ទាប់ពីបានចូលរៀនវគ្គក្រៅម៉ោងមួយចំនួននៅសាកលវិទ្យាល័យ Shenzhen University ក្នុងប្រទេសចិន អ្នកស្រីបានក្លាយជាអ្នកជំនាញផ្នែកបច្ចេកវិទ្យាដែលបានបង្កើតក្រុមហ៊ុន Lens Technology ដែលផលិតស្គ្រីន Touchscreen។ បច្ចុប្បន្ន អ្នកស្រីជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងវិស័យបច្ចេកវិទ្យា និងមានទ្រព្យសម្បត្តិសរុបប្រមាណ១៣.៣ប៊ីលានដុល្លារ។
២. លោករីឆាត ប្រេនសាន់ (Richard Branson)
ពេលដែលលោកប្រេនសាន់សម្រេចចិត្តមិនបន្តការសិក្សាដោយមិនមានសញ្ញាប័ត្របញ្ជាក់ការសិក្សាជាប់ខ្លួន គ្រូបង្រៀនម្នាក់របស់លោកបានប្រាប់លោកថាអនាគតទៅលោកអាចនឹងជាប់ពន្ធនាគារ ឬក្លាយជាមហាសេដ្ឋី។
លោកបានចាប់ផ្តើមអាជីវកម្មក្នុងវិស័យតន្ត្រីមុនពេលចាប់ផ្តើមផលិតកម្មមួយដោយខ្លួនឯងឈ្មោះថា Virgin Records ក្នុងឆ្នាំ ១៩៧២។ ប៉ុន្មានទសវត្សក្រោយមក លោកបានពង្រីកទៅវិស័យអាកាសចរណ៍ និងទូរគមនាគមន៍ទៀតផង មុននឹងចាប់ផ្តើមក្រុមហ៊ុនអាវកាស Virgin Galactic។ បច្ចុប្បន្ន មហាសេដ្ឋីអាយុ ៧០ ឆ្នាំរូបនេះមានទ្រព្យសម្បត្តិសរុបប្រមាណ៤.៥ប៊ីលានដុល្លារ។
៣. លោកស្ទីវិន ស្ភៀលប៊ឺក (Steven Spielberg)
អ្នកដឹកនាំភាពយន្តដ៏ល្បីប្រចាំហូលីវូដម្នាក់នេះបានបរាជ័យពេលដែលដាក់ពាក្យចូលរៀននៅសាលាភាពយន្តព្រោះតែពិន្ទុលោកនៅវិទ្យាល័យមិនខ្ពស់។ ប៉ុន្តែលោកមិនបានចុះចាញ់ទេ និងបានព្យាយាមសម្រេចក្តីសុបិនរបស់លោករហូតឈ្នះបានពានរង្វាន់អូស្កាជាច្រើន។ បច្ចុប្បន្ន លោកស្ថិតក្នុងចំណោមតារាហូលីវូដដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ៦.៦៨ប៊ីលានដុល្លារ ៕