ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរស២នាក់កំពុងតែអង្គុយផឹកស៊ីជុំគ្នា លុះពេលស្រវឹងរៀងៗខ្លួន ក៏ស្រាប់តែបុរសរងគ្រោះជេរប្រពន្ធបុរសសង្ស័យ និងនិយាយឌឺដងដដែលៗ រហូតដល់បុរសជនសង្ស័យឃាត់មិនឱ្យជេរប្រមាថប្រពន្ធខ្លួន ស្រាប់តែបុរសរងគ្រោះវាយទៅលើបុរសសង្ស័យ២ដៃ ហើយបង្ខំឱ្យគេយកកាំបិតប៉័តោមកកាប់ខ្លួនទៀត ធ្វើឱ្យបុរសសង្ស័យខឹងក៏កាប់ជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២ រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានឱ្យដឹងនៅថ្ងៃទី១៤ ខែសីហានេះថា ជនរងគ្រោះខាងលើឈ្មោះ សួន សរិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិ-សង្កាត់ខាងលើ ចំណែកជនសង្ស័យឈ្មោះ ចេង ចិត្ត ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយផឹកស៊ីជាមួយបុរសម្នាក់ទៀត (ជនសង្ស័យ) លុះពេលស្រវឹងស្រារៀងៗខ្លួន ស្រាប់តែជនរងគ្រោះបានឈ្លោះប្រកែក និងជេរបញ្ចោរប្រពន្ធរបស់ជនសង្ស័យ ហើយបុរសជាសង្ស័យក៏បាននិយាយឃាត់ជនរងគ្រោះមិនឱ្យជេរប្រពន្ធខ្លួន ពេលនោះជនរងគ្រោះក៏បានវាយទៅលើឈ្មោះ ចេង ចិត្ត (ជនសង្ស័យ) ចំនួន២ដៃ ត្រូវចំកណ្តាលមុខតែម្តង។
ប្រភពដដែលបន្តថា បន្ទាប់ពីវាយរួច ជនរងគ្រោះបាននិយាយទៅកាន់ឈ្មោះចេង ចិត្ត ថា «បើអាហ្អែងខ្លាំង យកកាំបិតមកកាប់អញមក» ។ ដោយនិយាយពាក្យដដែលៗ ពេលនោះឈ្មោះ ចេង ចិត្ត ក៏បានយកកាំបិតប៉័ងតោ ដែលនៅក្បែរខ្លួនស្រាប់ កាប់ទៅលើឈ្មោះ សួន សារិទ្ធ (ជនរងគ្រោះ) ជាច្រើនកាំបិត បណ្តាលឱ្យជនរងគ្រោះរងរបួសជាច្រើនកន្លែង (របួសធ្ងន់)។
ក្រោយពីកើតហេតុ ជនរងគ្រោះបានមកប្តឹងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប ភ្លាមៗ ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការនាំខ្លួនឈ្មោះ ចេង ចិត្ត មកធ្វើការសួរនាំតែម្តង។
ក្រោយពីការសាកសួររួចហើយ ឈ្មោះ ចេង ចិត្ត (ជនសង្ស័យ) បានឆ្លើយសារភាពថា រូបគេពិតជាបានយកកាំបិតកាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសពិតប្រាកដមែន ដោយសារតែជនរងគ្រោះបានវាយមកលើខ្លួនមុន។
លោកបញ្ជាក់ថា ក្រោយពេលកើតហេតុ កម្លាំងជំនាញបានឱ្យក្រុមគ្រួសារដឹកជនរងគ្រោះយកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។ ហើយបច្ចុប្បន្ន កម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿងបញ្ជូនបុរសជាសង្ស័យខាងលើទៅសាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព