ព្រឹត្តិការណ៍ធាក់ស៊ីក្លូ ពីភ្នំពេញទៅខេត្តសៀមរាប ត្រូវបានចាប់ផ្តើមចេញដំណើរ ដូចការគ្រោងទុក តាមរយៈការជិះដង្ហែក្បួនស៊ីក្លូបន្តកន្ទុយគ្នា នៅលើដងផ្លូវសាធារណៈ ពីចំណុចរង្វង់មូលនាងមច្ឆាស្ពានបាឡេ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។
ក្បួនដង្ហែស៊ីក្លូបន្តកន្ទុយគ្នានេះ គឺជាយុទ្ធនាការមួយ ដែលបានរៀបចំឡើង ដោយក្រុមយុវជនស៊ីក្លូ រួមជាមួយនឹង អ្នកប្រកបមុខរបរធាក់ស៊ីក្លូវ័យចំណាស់ ដើម្បីធ្វើការផ្សព្វផ្សាយ ឱ្យគ្រប់គ្នាចេះស្រឡាញ់ថែរក្សាបរិស្ថានធម្មជាតិ ការប្រើប្រាស់យាន្តជំនះគ្មានផ្សែង និងការអភិរក្សស៊ីក្លូ ឱ្យនៅឋិតថេរគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់។
ជុំវិញព្រឹត្តិការណ៍នេះ លោកអ៊ីវ សំណាង ដែលជាប្រធានក្រុមយុវជនស៊ីក្លូ ក៏បានលើកឡើងនូវគោលបំណងសំខាន់មួយទៀត គឺការធាក់ស៊ីក្លូដើម្បីស្វែងរកមូលនិធិ ជួយទ្រទ្រង់ជីវភាព ដល់ក្រុមអ្នកធាក់ស៊ីក្លូ ដែលមានវ័យចំណាស់ កំពុងប្រកបមុខរបរនេះ។
លោកអ៊ីវ សំណាងបញ្ជាក់ថា វាមិនមែនជារឿងងាយស្រួលទេ ដែលធ្វើដំណើរផ្សងព្រេងធាក់ស៊ីក្លូពីភ្នំពេញទៅសៀមរាប ប៉ុន្តែនេះគឺជាការតាំងចិត្ត ដើម្បីធ្វើឱ្យមានការចាប់អារម្មណ៍ នាំគ្នាគិតគូរពីការថែរក្សាបរិស្ថាន អភិរក្សស៊ីក្លូ និងជួយដល់ក្រុមអ្នកប្រកបមុខរបរនេះផងដែរ។ “បើគ្មានអ្នកធាក់ស៊ីក្លូទេ ស៊ីក្លូនឹងឈានទៅរកការបាត់បង់ ដូច្នេះត្រូវតែអភិរក្សស៊ីក្លូ ដើម្បីឱ្យក្មេងជំនាន់ក្រោយបានឃើញនឹងភ្នែក ដោយមិនរំពឹងខ្លាំង ទៅលើការស្វែងរកព័ត៌មានស៊ីក្លូ តាមឯកសារទាំងស្រុងនោះ។
ត្បិតគ្រប់គ្នាបានដឹងថា យុទ្ធនាការធាក់ស៊ីក្លូ ពីភ្នំពេញទៅសៀមរាប និងជួបការលំបាកច្រើននៅតាមដងផ្លូវក៏ពិតមែន ប៉ុន្តែយុវជនមួយក្រុមនេះ នៅតែមានឆន្ទះ រ៉ៃអង្គាសថវិកាផ្ទាល់ខ្លួនបន្តិចបន្តួច ដើម្បីធ្វើយ៉ាងណា ឱ្យព្រឹត្តិការណ៍ធ្លាក់ស៊ីក្លូនេះ អាចដំណើរការទៅមុខបាន ដោយគ្មានការបោះបង់។
និស្សិត រតនា អាយុ២០ឆ្នាំ ដែលបានចូលរួមនៅក្នុងយុទ្ធនាការនេះ គឺមានបំណងចង់ជួយដល់ជីវភាពរបស់អ្នកប្រកបមុខរបរធាក់ស៊ីក្លូ ដែលមានវ័យចំណាស់និងអភិរក្សស៊ីក្លូ។” សព្វថ្ងៃយើងដឹងហើយថា ស៊ីក្លូកំពុងតែបាត់បង់បន្តិចម្តងៗហើយ ដូច្នេះមានបំណងចង់អភិរក្សយាន្តជំនះដែលគ្មានផ្សែង”។
ដោយឡែកយុវជនវីរៈ អាយុ១៩ឆ្នាំ បានត្រៀមខ្លួននៅក្នុងការធាក់ស៊ីក្លូពីភ្នំពេញទៅសៀមរាប។ “វាពិបាកដែរ ប៉ុន្តែពួកយើងបានធ្វើចេញពីបេះដូង ទោះពិបាកយ៉ាងណា ក៏ត្រូវតែទ្រាំ”។
សម្រាប់ព្រឹត្តិការណ៍ជិះស៊ីក្លូ ពីភ្នំពេញទៅសៀមរាប គឺជារឿងមួយដែលថ្មីប្លែកមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា វាមិនតែត្រឹមតែថ្មីនិងប្លែកទេ ប៉ុន្តែវាបានធ្វើឱ្យគ្រប់គ្នាបានដឹងពីបទពិសោធន៍ នឹងផលលំបាក នៃការធាក់ស៊ីក្លូ។ នេះបើតាមយុវជនបូរី បានប្រាប់TNAOT APP។ “ខ្ញុំរំភើបនឹងព្រឹត្តិការណ៍នេះ ហើយខ្ញុំនឹងធាក់វាឱ្យដល់គោលដៅ”។
ជាមួយគ្នានេះ យ៉ុង សេម អាយុ២២ឆ្នាំ បានដឹងនិងចូលរួមក្នុងកម្មវិធីនេះ តាមរយៈមិត្តភ័ក្ត។ “ខ្ញុំបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង ហើយមិត្តភ័ក្តខ្ញុំពួកគេក៏បានដឹងដូចគ្នា ហើយរង់ចាំជិះស៊ីក្លូ ដោយមិនគិតថ្លៃ នៅសៀមរាបតែម្តង”។
នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ប្រធានក្រុមយុវជនស៊ីក្លូ បានរៀបចំប្រើប្រាស់ស៊ីក្លូចំនួន៧គ្រឿង។ ហើយនៅក្នុងយុទ្ធនាការធាក់ស៊ីក្លូ ក៏មានការចូលរួមពីក្រុមយុវជន និងក្រុមអ្នកប្រកបមុខរបរធាក់ស៊ីក្លូវ័យចំណាស់ ចំនួន៩នាក់។ ជាមួយផងដែរ មានយុវជននិងប្រជាពលរដ្ឋមួយចំនួនទៀត ក៏កំពុងធ្វើដំណើរពីភ្នំពេញទៅខេត្តសៀមរាមដូចគ្នា នៅថ្ងៃទី១៥ ខែសីហានេះ ដើម្បីត្រៀមចូលរួមកម្មវិធី “ជិះស៊ីក្លូដោយមិនគិតថ្លៃ” នៅក្នុងខេត្តសៀមរាបផងដែរ៕ ដោយ៖ ឃួន លក្ខិណា