កាលពីថ្ងៃសៅរ៍ប្រទេសថៃបានរាយការណ៍ថាមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ២នាក់បន្ថែមទៀតដែលសុទ្ធតែអ្នកត្រឡប់មកពីបរទេស ហើយគ្មានអ្នកស្លាប់ថ្មីទេ។ តួលេខនេះនាំឱ្យមានអ្នកឆ្លងសរុបក្នុងប្រទេសកើនឡើងដល់ទៅ ៣១០៤ នាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៨នាក់។
លោកស្រី Panprapa Yongtrakul អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍មេរោគកូវីដ-១៩ របស់រដ្ឋាភិបាលបានមានប្រសាសន៍ថា អ្នកជំងឺថ្មីចំនួនពីរនាក់ជាអ្នកដែលត្រឡប់មកពីប្រទេសរុស្ស៊ី និងគុយវែត ដែលបានស្នាក់នៅកន្លែងដាក់ឱ្យនៅដាច់ដោយឡែក។ និស្សិតអាយុ ២២ឆ្នាំ មកពីប្រទេសរុស្ស៊ីដែលស្នាក់នៅមជ្ឈមណ្ឌលរដ្ឋមួយនៃខេត្ត Chon Buri តាំងពីថ្ងៃចន្ទ។ គាត់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃព្រហស្បតិ៍ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយនៃខេត្តនេះ។ អ្នកឆ្លងថ្មីទី២គឺជាបុគ្គលិករោងចក្រអាយុ ៣៩ឆ្នាំ មកពីប្រទេសគុយវ៉ែត ស្ថិតនៅក្នុងមណ្ឌលដាច់ដោយឡែករបស់រដ្ឋនៃទីក្រុងបាងកកតាំងពីថ្ងៃទី២៤ ខែឧសភា។ ការធ្វើតេស្តលើកដំបូងបង្ហាញថាគាត់មិនឆ្លងនោះទេ ប៉ុន្តែគាត់បានធ្វើតេស្តវិជ្ជមាននៅក្នុងការធ្វើតេស្តលើកទី២ កាលពីថ្ងៃព្រហស្បតិ៍។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកកដើម្បីសម្រាកព្យាបាល។
រូបតំណាង
អ្នកឆ្លងថ្មីបានកើនចំនួនដល់ ៣១០៤នាក់ ដោយមាន ៧៥ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយចំនួនអ្នកស្លាប់នៅតែរក្សាចំនួន ៥៨នាក់ដដែល។ រយៈពេល១២ថ្ងៃមកនេះគេឃើញថា អ្នកឆ្លងថ្មីទាំងអស់សុទ្ធតែជាអ្នកមកពីបរទេស រីឯអ្នកឆ្លងក្នុងស្រុកគឺមិនមាននោះទេ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post