អង់គ្លេស ៖ បើយោងតាមការចេញផ្សាយពីសារព័ត៌មាន Sky Sports បានអោយដឹងថា កីឡាករ Willian ត្រូវបានរំពឹងថា នឹងក្លាយជាសមាជិកថ្មីរបស់ក្រុមកាំភ្លើងធំ Arsenal នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បន្ទាប់ពីគេបានសម្រេចដើរចេញពីក្រុមតោខៀវ Chelsea។
ខ្សែបម្រើស្លាបអន្តរជាតិប្រេស៊ីលវ័យ ៣២ឆ្នាំរូបនេះ បានប្រកាសចាកចេញពី Chelsea លើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន កាលពីថ្ងៃទី១០ ខែសីហាកន្លងទៅ។
បន្ទាប់ពីចំណាយពេល ៧ឆ្នាំជាមួយក្រុមមួយនេះ។ ការសម្រេចដើរចេញពី Chelsea នៅក្រោយដំណើរការចរចាលើកុងត្រាថ្មីជាមួយក្លិប មិនត្រូវគ្នា។ ហើយ Arsenal នឹងទទួលបានកីឡាកររូបនេះ ដោយគ្មានតម្លៃខ្លួន (Free Transfer)។
Sky Sports បានបន្តទៀតថា Arsenal នឹងចុះហត្ថលេខាជាមួយកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ដោយផ្តល់កិច្ចសន្យារយៈពេល ៣ឆ្នាំនៅទឹកដី Emirates ក្រោមការដឹកនាំរបស់លោក Mikel Arteta។
សូមរំលឹកជូនថា Willian បានផ្លាស់ពីក្លិប Anzhi Makhachkala នៅរុស្ស៊ីមកចូលរួមជាមួយ Chelsea កាលពីឆ្នាំ២០១៣ ដោយបង្ហាញខ្លួនចំនួន ៣៣៩ប្រកួត និងស៊ុតបញ្ចូលទី ៦៣គ្រាប់នៅគ្រប់កម្មវិធីទាំងអស់ និងបានជួយ Chelsea ឱ្យឈ្នះ Premier League, FA Cup, EFL Cup និង Europa League ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព