បារាំង ៖ កីឡាករប្រណាំងកង់អាជីព Tim Declercq បានបង្ហាញស្នាមក្រហមជាំពេញខ្នង បន្ទាប់ពីរងការវាយប្រហារពីព្យុះព្រឹលទឹកកកដ៏ខ្លាំងក្លាមួយអំឡុងពេលការប្រកួតប្រជែងកាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅ។
កីឡាករសញ្ជាតិបែលហ្ស៊ិកវ័យ ៣១ឆ្នាំរូបនេះ បានបង្ហាញស្នាមក្រហមជាំពាសពេញខ្នង ក្រោយទទួលរងការវាយប្រហារដោយព្យុះព្រិលលាយឡំជាមួយដុំទឹកកកជាច្រើន អំំឡុងការប្រកួតដំណាក់កាលទី២ នៃព្រឹត្តិការណ៍ Criterium du Dauphine នៅតំបន់ Col du Porte។
របាយការណ៍បានឱ្យដឹងថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងពេញមួយថ្ងៃ មុនពេលដែលព្រិលលាយឡំនឹងដុំទឹកកកក៏ចាប់ផ្តើមធ្លាក់មកដំណាលគ្នាផងដែរ។ ដែលនាំឱ្យការប្រកួតជួបផលពិបាកយ៉ាងខ្លាំង ខណៈដែលកីឡាករជាច្រើន បានបង្ខំចិត្តបណ្តើរកង់របស់ខ្លួនលើដំណើរផ្លូវបញ្ចប់ទី ដោយសារស្ថានភាពផ្លូវរអិលខ្លាំង និងគ្របដណ្តប់ដោយព្រិល។
ក្រោយបញ្ចប់កីឡាករ Primoz Roglic របស់ស្លូវេនីបានឈ្នះការប្រកួតប្រជែងដំណាក់កាលទី២ ហើយបច្ចុប្បន្នកំពុងពាក់អាវពណ៌លឿង ដោយបាននាំមុខនៅលើកីឡាករ Thibaut Pinot របស់ម្ចាស់ផ្ទះបារាំង៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព