ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូដេញតាមបុរសជនជាតិចិនតាំងពីកោះពេជ្ររហូតដល់ខណ្ឌឬស្សីកែវ។
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥សង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
ប្រភពព័ត៍មានពីសន្តិសុខយាមមន្ទីរសម្រាកព្យាលមួយកន្លែងដែលបានឃើញហេតុការណ៏ខាងលើនេះបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងតាមពីក្រោយរម៉កសណ្តោងម៉ូតូដែលជនជាតិចិនជួលជិះហើយក៏បានស្រែកថាចោរៗៗ ខណៈពេលនោះបុរសជនជាតិខាងលើបានយកលុយដែលនៅក្នុងថង់ខ្មៅរាប់ម៉ឺនដុល្លាលោតចុះពីលើរម៉កកង់៣ហៅឲ្យសន្តិសុខជួយហើយក៏បានរត់ដួលនៅមុខមន្ទីរសម្រាកព្យាបាលម៉ូត្រា ដោយឃើញហេតុការបែបនេះគួឲ្យសង្ស័យលោកពូសន្តិសុខដែលយាមនៅគោលដៅខាងលើបានជួយលើកបុរសជនជាតិហើយគ្រាចូលក្នុងមន្ទីរសម្រាកព្យាបាលចំណែកជនមួយក្រុមដែលជិះម៉ូតូតាមជនជាតិចិនហើយស្រែកថាចោរៗនោះបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង។
បើតាមការបង្ហើបពីសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានលួចខ្សឹបប្រាប់ក្រុមការងារ Tnaot appឲ្យដឹងថាជនជាតិចិនខាងលើនេះទើបចេញមកពីបើកលុយពីធនាគារព្រីននៅកោះពេជ្រយកមកបើកឲ្យបុគ្គលិកមេជាងនិងកម្មករជនជាតិចិននៅម្តុំស្ពានបាលេ ខណៈមកជិតដល់ស្រាប់កើតរឿងបែបនេះសំណាងល្អលុយដុល្លាទាំងប៉ុន្មានដែលបើកមកពីធនាគារមិនបាត់បង់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនអ្នកបើកកង់៣ដែលជាជនជាតិខ្មែរយកទៅសាកសួនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ឬស្សីកែវ។
ចំណែកជនជាតិចិនខាងលើសមត្ថកិច្ចកំពុងតែសួនាំនិងធ្វើកំណត់ហេតុដើម្បីស្រាវជ្រាវរកការពិត៕ដោយ៖សួង សាម