ការស្លាប់របស់បុរសស្បែកខ្មៅ George Floyd នឹងរបត់នយោបាយថ្មីរបស់អាមេរិក ដើម្បីជំរុញឲ្យមានសកម្មភាពការពារដល់ក្រុមជនជាតិស្បែកខ្មៅ បញ្ចប់នូវការរើសអើងជាតិសាសន៍ នៅលើទឹកដីមហាអំណាចលេខមួយរបស់ពិភពលោកមួយនេះ។
ពលរដ្ឋអាមេរិកាំង ទាំងស្បែកស និងខ្មៅ ហើយមានទាំងសមាជិកសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យផង ក៏បានទៅចូលរួមពិធីបុណ្យសពរបស់ George Floyd កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ វេលានៅអាមេរិក (ត្រូវនឹងថ្ងៃទី៥ ខែមិថុនា វេលានៅកម្ពុជា) ដើម្បីគោរពវិញ្ញាណក្ខន្ធ រយៈពេល៨នាទី និង៤៦វិនាទី ជាពេលវេលាដែលជងរងគ្រោះ ត្រូវប៉ូលិសស្បែកសអាមេរិកសង្កត់ក រហូតដល់ស្លាប់។ អ្នកចូលរួមទាំងអស់ បានសម្ដែងនូវការឈឺចាប់ ហើយជំរុញឲ្យមានវិធានការជាបន្ទាន់ ដើម្បីលុបបំបាត់នូវទង្វើបែបនេះ កុំឲ្យកើតមានបន្ដទៀត។
ពិធីបុណ្យសពលោក George Floyd ត្រូវបានធ្វើឡើង នៅមហាវិទ្យាល័យ North Central ក្នុងទីក្រុង Minnneapolis រដ្ឋ Minnesota អាមេរិក នាថ្ងៃទី៤ ខែមិថុនា (ពេលវេលាអាមេរិក)។ នៅក្នុងឱកាសនោះដែរ លោកអាចារ្យ Al Sharpton បានអំពាវនាវដល់គ្រួសារ មន្ត្រីក្នុងតំបន់ អ្នកនយោបាយ និង អ្នកសិល្បៈល្បីៗ ត្រូវតែស្វែងរកយុត្តិធម៌ឲ្យ George Floyd។
ទីភ្នាក់ងារសារព័ត៌មាន AP បានដកស្រង់សម្ដីរបស់អាចារ្យ Sharpton បាននិយាយ នៅក្នុងពិធីបុណ្យសពនោះថា « យើងមិនចង់ឲ្យមនុស្សរបស់យើង ត្រូវអ្នកផ្សេងសង្កត់ក រហូតដល់ស្លាប់ទេ។ នេះជាពេលវេលា ដែលយើងត្រូវក្រោកឈរឡើង តាមអ្វីដែល George Floyd បាននិយាយថា ត្រូវតែជង្គង់ចេញពីករបស់យើង» អ៊ីចឹងដែរ។ អ្នកទាំងអស់ពិតជាមានការឈឺចាប់ ចំពោះទង្វើអយុត្ដិធម៌ និងការរើសអើងជាតិសាសន៍នេះ។
សូមជម្រាបថា George Floyd ត្រូវបានប៉ូលិសស្បែកសអាមេរិក ចាប់ដាក់ខ្នោះ និងសង្កត់ក រហូតដល់ស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅក្នុងទីក្រុង Minnneapolis រដ្ឋ Minnesota អាមេរិក៕ ប្រែសម្រួលដោយ Nuon