ប្រទេសកូរ៉េខាងជើង ៖ វេបសាយអាមេរិកមួយរាយការណ៍នាថ្ងៃទី១៣ សីហា ថា បណ្ដារូបភាពផ្កាយរណបបង្ហាញថា ទឹកជំនន់នាពេលថ្មីៗនេះនៅកូរ៉េខាងជើង អាចបង្កការខូចខាតដល់បណ្ដាញស្ថានីយបូមទឹក ដែលភ្ជាប់ទៅនឹងទីតាំងនុយក្លេអ៊ែរសំខាន់មួយរបស់ប្រទេសនេះ ។
វេបសាយ 38NORTH ជាវេបសាយតាមដានបញ្ហាកូរ៉េខាងជើងអះអាងថា បណ្ដារូបភាពផ្កាយរណបបង្ហាញពីការខូចខាតប្រព័ន្ធធ្វើឲ្យត្រជាក់ដល់រេអាក់ទ័រនុយក្លេអ៊ែរនៃមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងនុយក្លេអ៊ែរ YONGBYON ប្រឈមមុខនឹងលក្ខខណ្ឌបរិយាកាសដែលអាក្រក់បំផុត ។
ឧបទ្វីបកូរ៉េជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង និងយូរបំផុតមួយដែលនាំឲ្យមានទឹកជំនន់ និងការបាក់ដី បណ្ដាលឲ្យមនុស្សស្លាប់ច្រើននាក់ និងមានការខូតខាតធ្ងន់ធ្ងរទាំងនៅកូរ៉េខាងត្បូងទាំងនៅកូរ៉េខាងជើង ។ ទោះបីយ៉ាងណាវេបសាយនោះនិយាយថា ទីតាំងនុយក្លេអ៊ែរ YONGBYON ហាក់គេចផុតពីទឹកជំនន់ ហើយទឹកហាក់ដូចជាចាប់ស្រកចុះវិញពីថ្ងៃទី១១ សីហាមក ។
ក្រសួងការពារប្រទេសកូរ៉េខាងត្បូងបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់38NORTH តែបានតាមដានពិនិត្យមើលរាល់ការវិវត្តន៍ទាក់ទិននឹងកម្មវិធីនុយក្លេអ៊េររបស់កូរ៉េខាងជើង ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព