អេស្ប៉ាញ ៖ វាពុំមែនជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលនោះទេ ថាហេតុអ្វីបានជាកីឡាករ Gareth Bale ដែលលែងជាជម្រើសសម្រាប់ក្រុម Real Madrid ក្រោមការដឹកនាំរបស់លោក Zinedine Zidane ប៉ុន្តែគេនៅតែមិនចង់ចាកចេញពីក្លិបនេះ។
បើយោងតាមការចុះផ្សាយពីគេហទំព័រ The Sun បានបង្ហាញពីជីវិតបែបសេដ្ឋីរបស់ខ្សែបម្រើស្លាបសញ្ជាតិវ៉ែលវ័យ ៣១ឆ្នាំរូបនេះក្នុងប្រទេសអេស្ប៉ាញ ដែលគ្រប់គ្នាពុំសូវបានដឹង។ Bale ដែលត្រូវបាន Real Madrid នាំយកពីក្លិប Tottenham Hotspur ក្នុងតម្លៃកំណត់ត្រា ១០០លានអឺរ៉ូកាលពីឆ្នាំ២០១៣ បច្ចុប្បន្ននៅសល់កិច្ចសន្យារយៈពេល ២ឆ្នាំទៀតជាមួយ Real Madrid ដែលមានទំហំទឹកប្រាក់ ៦៦លានអឺរ៉ូ។
បើទោះជាមិនជាប់ក្នុងជម្រើសកីឡាកររបស់លោក Zinedine Zidane ប៉ុន្តែបច្ចុប្បន្ន Bale កំពុងតែសោយសុខនឹងជីវិតឯកជនរបស់ខ្លួន ជាមួយផ្ទះប្រណិតដ៏ធំស្កឹមស្កៃដែលមានតម្លៃ ៧លានអឺរ៉ូ រួមជាមួយរថយន្តស្ព័រមានតម្លៃថ្លៃជាច្រើនដូចជា Ferrari, Mercedes និង Audi។ អ្វីដែលកាន់តែពិសេសនោះគឺ ទីលានវាយកូនហ្គោលនៅខាងក្រោយផ្ទះផ្ទាល់តែម្តង។
គូសបញ្ជាក់ថាបច្ចុប្បន្ន Gareth Bale កំពុងមានការផ្សារភ្ជាប់យ៉ាងខ្លាំង ទៅនឹងការផ្ទេរទៅកាន់លីគកំពូលសហរដ្ឋអាមេរិក ខណៈដែលក្លិបជាច្រើននៅទីនោះសុទ្ធតែបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាកររូបនេះ ជាពិសេសក្លិបទើបបង្កើតថ្មី Inter Miami របស់លោក David Beckham៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព