រាជធានីភ្នំពេញ ៖ កីឡាករ ម៉ឺន មេឃាមកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទុ ប៉ះគ្នាទៀតហើយជាមួយកីឡាករ សេក គឹម រួន មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃនៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ ទី១៥ សីហា ក្នុងកម្មវិធីប្រដាល់ដណ្ដើមប្រាក់លានក្រុមហ៊ុនខារ៉ាបាវ ខណៈកីឡាករ អេលីត កែវឡុង មកពីក្លិបប៉ែនកាក់គុនខ្មែរ ជួបជាមួយឡុង រ៉ាមី មកពីក្លិបខ្លារខិនមានរិទ្ធ។
តាមដឹងរវាងម៉ឺន មេឃា និងសេក គឹមរួន ធ្លាប់ប៉ះគ្នាជាច្រើនលើករួចមកហើយ ប៉ុន្តែប៉ុន្មានប្រកួតចុងក្រោយនេះ សេក គឹមរួន អត់ដែលឈ្នះម៉ឺន មេឃា នោះទេ ។ ទោះជាយ៉ាងណា ម៉ឺន មេឃា មុននឹងយកឈ្នះសេក គឹមរួន ក៏វេទនាខ្លួនមិនតិចដែរទេ ។ គូនេះបើនិយាយពីបទពិសោធន៍ប្រកួតនៅលើសង្វៀនវិញគឺខុសគ្នាដាច់តែម្ដង ដ្បិតអីសេក គឹមរួនជាអ្នកប្រដាល់ចាស់វស្សាមួយរូបដែលធ្លាប់ឈានជើងឡើងសង្វៀនប្រកួតរាប់មិនអស់ មានល្បិចប្រយុទ្ធពេញខ្លួនតែម្ដង ។ ចំណែក ម៉ឺន មេឃា គ្រាន់តែជាអ្នកប្រដាល់ស្រករក្រោយម្នាក់ប៉ុណ្ណោះ ប៉ុន្តែមួយរយៈចុងក្រោយ កូនប្រុសលោកអេ ភូថង ម្នាក់នេះបានសាងកេរ្តិ៍ឈ្មោះនៅលើសង្វៀនល្បីល្បាញគួរសម ទាំងអ្នកប្រដាល់ជើងចាស់និងជើងថ្មីជាច្រើនរូបសុទ្ធតែចាញ់នៅក្រោមកណ្ដាប់ដៃរបស់គេមិនតិចនាក់ទេ។
ជាក់ស្ដែង សេក គឹមរួនតែម្ដងដែលត្រូវបាន ម៉ឺន មេឃា កាច់បំបាក់ផ្ទួនៗជាច្រើនលើក ។ យ៉ាងណាក៏ដោយសម្រាប់ការប្រកួតលើកនេះ ប្រហែលជាមិនងាយស្រួលដូចមុននោះទេ ព្រោះអីជាការប្រកួតដណ្ដើមប្រាក់លាន ។ ម្យ៉ាងវិញទៀត សេក គឹមរួន ក៏បានត្រៀមខ្លួនទុកជាមុនហើយដែរដោយមិនបណ្ដោយឱ្យប្រាក់លានធ្លាក់ក្នុងកណ្ដាប់ដៃម៉ឺន មេឃា ដោយស្រួលនោះឡើយ។
អេលីត កែវឡុង ប៉ះជាមួយឡុង រ៉ាមីលើកនេះក៏ស្ថិតក្នុងសមាសភាពដណ្ដើមប្រាក់លានដែរ ។ គូនេះក៏មិនខុសពីគូប្រកួតខាងលើនោះដែរ ដោយអេលីត កែវឡុង បើនិយាយពីបទពិសោធន៍ប្រកួតគឺនៅខ្ចីជាងឡុង រ៉ាមីឆ្ងាយណាស់ ប៉ុន្តែការបាត់មុខពីលើសង្វៀនមួយរយៈមកនេះធ្វើឱ្យថ្វីដៃប្រកួតរបស់ឡុង រ៉ាមីធ្លាក់ចុះជាងមុនបន្តិច ។ ប៉ុន្តែល្បិចប្រយុទ្ធរបស់គេនៅតែល្អដដែលគ្រាន់តែអន់កម្លាំងបន្តិចប៉ុណ្ណោះ ។
រីឯអេលីត កែវឡុងវិញទោះបីបទពិសោធន៍នៅខ្ចី ប៉ុន្តែថ្វីដៃប្រកួតរបស់គេល្អខ្លាំងណាស់ជាក់ស្ដែងប៉ុន្មានប្រកួតចុងក្រោយគេឈ្នះរហូត ។ ទោះជាយ៉ាងណាលើកនេះទាំងសងខាងសុទ្ធតែបានប្រកាសថាត្រៀមខ្លួនរួចរាល់ដើម្បីក្លាយជាម្ចាស់ប្រាក់លានរៀល ដូច្នេះមិនអាចមើលស្រាលលើខាងណាម្នាក់បានឡើយ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព