រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ ក្លិបប្រដាល់គុនខ្មែរគោព្រៃនៅតែប្រឹងពុះពារបង្ហាញស្នាដៃនៅក្នុងវិស័យប្រដាល់ តាមរយៈការប្រឹងប្រែងបង្វឹក និងបញ្ជូនកូនសិស្សឱ្យឡើងប្រកួត បើទោះជាបណ្ដាសង្វៀនមួយចំនួនប្រកាសបិទទ្វារ ជាមួយកំណើនក្លិបកាន់តែច្រើនដែលមិនខុសពីកាត់បន្ថយវត្តមានឡើងរេញរបស់កីឡាករនៅក្នុងក្លិបក៏ដោយ ។ ក្លិបនេះ បានទាំងប្រកាសថា នឹងពង្រឹងសកម្មភាពឱ្យកាន់តែល្អនោះផង។
លោក ផាត សូដា ជំនួយការក្លិបប្រដាល់គុនខ្មែរគោព្រៃធ្លាប់បានអះអាងថា ក្លិបប្រដាល់របស់លោក ទើបតែបើកដំណើរការបានប្រមាណជាជិត១ឆ្នាំប៉ុណ្ណោះមកទល់នឹងពាក់កណ្ដាលខែសីហា នេះ តែមានឱកាសបានបញ្ជូនកីឡាករទៅប្រកួតនៅតាមសង្វៀនផ្សេងៗ បានមិនតិចជាង១០០ប្រកួតនោះទេ ទាំងកីឡាករអាជីព និងកីឡាករកំពុងបណ្ដុះបណ្ដាល ។ លោកថា ក្លិបប្រដាល់នេះមិនមែនគ្រាន់តែជាក្លិបប្រដាល់តែម្យ៉ាងនោះទេតែគឺជាក្រុមការងារប្រចាំនៅក្នុងរមណីយដ្ឋានគោព្រៃដែលមានទីតាំងស្ថិតនៅជិតសង្កាត់ពន្សាំង ក្នុងខណ្ឌព្រែកព្នៅ នៅជិតភ្នំប្រសិទ្ធិ៍តែម្ដង ដោយកីឡាករដែលបានបណ្ដុះបណ្ដាលនេះ គឺជាកីឡាករដែលរមណីយដ្ឋានបង្កើតឡើងដើម្បីបើកប្រកួតឱ្យភ្ញៀវទស្សនានៅពេលរមណីយដ្ឋានបើកដំណើរការទទួលភ្ញៀវ ។
នៅក្នុងគម្រោងនេះ លោកថា ក្រុមហ៊ុនមិនមែនបង្កើតតែក្រុមកីឡាករប៉ុណ្ណោះទេ តែក៏គ្រោងបង្កើតជាក្រុមល្ខោនខោល ល្បុក្កតោ និងក្រុមរបាំផងដែរ ដើម្បីសម្ដែងឱ្យភ្ញៀវទស្សនានៅពេលខាងមុខ ។ យ៉ាងណាមិញលោកថា ក្លិបប្រដាល់របស់លោកមានច្បាប់ត្រឹមត្រូវ ដោយមិនមែនគ្រាន់តែបង្កើតឡើងដើម្បីបម្រើឱ្យផលប្រយោជន៍រមណីយដ្ឋានតែមួយមុខនោះទេ។
ជាក់ស្ដែងសូម្បីតែកីឡាករដែលក្លិបប្រមូលមកធ្វើជាសិស្សក៏ភាគច្រើនគឺជាបុគ្គលិកបម្រើការដោយរាប់បញ្ចូលទាំងកម្មករសំណង់ និង អ្នកជំនាញនៅក្នុងការដ្ឋានទាំងមូលតែម្ដង ដើម្បីក្លិបបានកីឡាករផង និងបានកម្លាំងធ្វើការផង។
ក្នុងនោះក៏ទទួលអ្នកស្ម័គ្រចិត្តនៅក្នុងស្រុកភូមិឱ្យធ្វើជាកីឡាករផងដែរ ទើបក្នុងក្លិបទាំងមូលក៏មានក្មេងៗមកហ្វឹកហាត់ច្រើន ។ មកទល់ពេលនេះ លោកថាមានកីឡាករចេញចូលៗច្រើនគួរសម ដោយកីឡាករជាសិស្សជាប្រចាំហើយមកហ្វឹកហាត់ជាប់លាប់គឺមានចំនួនប្រមាណជា៣៣នាក់ ។ រាល់កីឡាករទាំងអស់គឺមិនតម្រូវឱ្យបង់ថ្លៃហ្វឹកហាត់នោះទេ បើទោះជាក្លិបត្រូវរ៉ាប់រងប្រាក់ខែគ្រូបង្វឹក និងបាយទឹកគ្រូបង្វឹកដែលត្រូវចំណាយច្រើនក្ដី ។
ពាក់ព័ន្ធនឹងការលើកឡើងថា ក្លិបមានប្រាក់ខែឱ្យកីឡាករបើទោះជាមិនប្រកួត លោកបានបញ្ជាក់ថា ការពិតមិនមែនជាប្រាក់ខែជាថ្នូរនឹងការហ្វឹកហាត់នោះទេ តែជាប្រាក់ខែដោយសារតែកីឡាករទាំងនោះភាគច្រើនគឺជាបុគ្គលិកប្រចាំការដ្ឋានតែម្ដង ដែលមានន័យថា បុគ្គលិកនៅក្នុងការដ្ឋាន គឺក្លិបប្រមូលយកមកធ្វើជាកីឡាករ ដោយស៊ីប្រាក់ខែជាបុគ្គលិក ហើយក៏ជួលគ្រូប្រដាល់ឱ្យមកបង្វឹក ដើម្បីបណ្ដុះពួកគេឱ្យក្លាយជាកីឡាករតែម្ដង។
លោកថា កីឡាកររាល់ថ្ងៃមានពីអាយុ៨ឆ្នាំដល់២៦ឆ្នាំ ហើយរាល់ពេលកីឡាករទាំងនេះឡើងប្រកួតក្នុងស្រុកគឺមិនកាត់ភាគរយនោះទេ។
សម្រាប់កីឡាករល្បីៗ ដូចជា គង់ សំបូរ និង កីឡាករផ្សេងទៀត ដែលសុំឱ្យក្លិបដាក់ឈ្មោះឡើងប្រកួតក្នុងនាមជាក្លិបគុនខ្មែរគោព្រៃ គឺរាល់ពេលឡើងប្រកួតមួយលើកត្រូវកាត់ចូលក្លិប១០% ដែលនេះគឺជាការកាត់ចំណូលលើតម្លៃខ្លួន សម្រាប់ទ្រទ្រង់ក្នុងក្លិប ។
លោក ផាត សូដា ធ្លាប់បានបកស្រាយថា ចំពោះអ្នកថាកីឡាករទាំងអស់សុទ្ធតែក្លិបរៀបចំឱ្យគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ គឺមិនមែននោះទេ ការពិតបន្ទប់បែបនោះ រៀបចំសម្រាប់តែគ្រូបង្វឹកដែលអាចសម្រាកបាននៅក្នុងក្លិបប៉ុណ្ណោះ ។ ចំណែកកីឡាករមិនដល់ថ្នាក់ត្រូវរៀបបន្ទប់ម៉ាស៊ីនត្រជាក់ឱ្យស្នាក់នៅនោះទេ គឺគ្រាន់តែមានកន្លែងសម្រាកបានសមរម្យមិនអាក្រក់មើលតែប៉ុណ្ណោះ ។ លោកថា ថៅកែធំក្នុងគម្រោងបង្កើតរមណីយដ្ឋាន បូករួមទាំងក្លិបប្រដាល់នេះ គឺមានចំនួន៤-៥នាក់ ដោយពួកគាត់សុទ្ធតែជាជនជាតិខ្មែរនៅក្រៅប្រទេស ហើយបានសហការគ្នាគ្រោងចំណាយរហូតដល់៥លានដុល្លារ លើគម្រោងទាំងមូលនេះ។
គម្រោងរមណីយដ្ឋានទើបតែសាងសង់បាន១០%ប៉ុណ្ណោះ ទើបក្រុមហ៊ុនសម្រេចធ្វើឱ្យដើរចំពោះក្លិបប្រដាល់មុន ហើយក៏ឃើញថា ទទួលបានការចាប់អារម្មណ៍នៅក្នុងពេលនេះ ។ ចំណែកគម្រោងបណ្ដុះកីឡាករក្នុងក្លិបឱ្យចេញប្រកួតក្រៅស្រុក លោកថាលុះត្រារកទីផ្សារឱ្យកូនសិស្សបានប្រកួតនៅខាងក្រៅស្រុកសិន ទើបអាចកាត់ភាគរយពីកីឡាករយកប្រាក់ចូលទ្រទ្រង់ក្លិប ។
លោកបញ្ជាក់ជាថ្មីថា ស្ថានភាពកូវីដ-១៩ ធ្វើឱ្យគម្រោងខ្លះរបស់ក្លិបមានការប៉ះពាល់ តែមិនច្រើននោះទេ ដោយសារតែកីឡាករភាគច្រើនរបស់ក្លិប គឺបុគ្គលិករបស់ក្លិបដែលមានការងារ និងប្រាក់ចំណូលច្បាស់លាស់ ទើបធ្វើឱ្យកីឡាកររបស់ក្លិបមិនមានករណីរត់ចោលក្លិប ព្រោះតែធ្លាក់ចុះការឡើងរេញនោះឡើយ។ ម្យ៉ាងមកពីកីឡាករទាំងនោះ ស្ថិតនៅក្នុងក្លិបផង ទើបបញ្ហាហ្វឹកហាត់នៅតែសកម្ម ដោយអាចនិយាយបានថា គឺទោះជាបានឡើងប្រកួតឬមិនឡើងប្រកួតក៏នៅហ្វឹកហាត់ជាប់លាប់ជាទម្លាប់ទៅហើយ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព