រាជធានីភ្នំពេញ ៖ «កីឡារស់ក្នុងសន្ដិភាព ឬ SPORTS LIVE IN PEACE» គឺជា បាវចនា ឬពាក្យស្លោក ដែលកម្ពុជាបានកំណត់ប្រើប្រាស់ជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ បាវចនានេះត្រូវបានសម្រេចចុងក្រោយដោយផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយការកំណត់បាវចនាខាងលើ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការ ជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC)បានបញ្ជាក់នូវអត្ថន័យដ៏ស៊ីជម្រៅក្នុងគុណប្រយោជន៍នៃសន្ដិភាព មានសន្ដិភាពទើបកីឡាមានជីវិត កីឡាមានសកម្មភាពនិងកីឡាមានការអភិវឌ្ឍ។
អនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានសង្កត់ធ្ងន់ថា«ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កើតមានបាន ដោយសារកម្ពុជាមានសន្ដិភាព ជាកត្ដាសន្យានុម័ត បើគ្មានសន្ដិភាព គឺគ្មានអ្វីៗ
ទាំងអស់ បើគ្មានសន្ដិភាពគ្មានសិទ្ធិធ្វើសកម្មភាពកីឡា គ្មានសិទ្ធិរៀបចំការប្រកួតកីឡា បើគ្មានសន្ដិភាព គ្មានការអភិវឌ្ឍ គ្មានស៊ីហ្គេមនៅកម្ពុជាឡើយ»។ លោកបណ្ឌិត ថោង ខុន ថ្លែងបែបនេះធ្វើឡើងក្នុងពិធីរាប់ថយក្រោយ១០០០ថ្ងៃឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ កាលពីថ្ងៃទី៧ ខែសីហា កន្លងទៅ តែបើគិតត្រឹមថ្ងៃទី១៣ ខែសីហា នេះ កម្ពុជាសល់ពេលត្រៀមខ្លួនធ្វើម្ចាស់ផ្ទះតែ៩៩៤ថ្ងៃទៀតប៉ុណ្ណោះ។ ដូច្នេះលោកបណ្ឌិត ថោង ខុន បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ពួតដៃគ្នាផ្សព្វផ្សាយ អភិវឌ្ឍន៍ និងត្រៀមខ្លួនរួចរាល់ ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព