គង់ សំបូរ និងលន បញ្ញា ប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រចុងក្រោយពានរង្វាន់កម្ពុជាសង្វៀនគុនខ្មែរ
រាជធានីភ្នំពេញ ៖ ការប្រកួតដណ្ដើមខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែរ រដូវកាលទី៤ជុំទី១ក្នុងប្រភេទទម្ងន់៦៣គីឡូក្រាមនៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ ទី១៥ សីហាខាងមុខនេះ ឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រហើយ។ អ្នកនិយមទស្សនាកីឡាប្រដាល់កំពុងតែទន្ទឹងរង់ចាំមើលថាតើកីឡាករ គង់ សំបូរ មកពីក្លិបគោព្រៃគុនខ្មែរ ដែលត្រូវប៉ះជាមួយកីឡាករ លន បញ្ញា មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ពេលនេះ នរណានឹងក្លាយជាអធិរាជនៅលើសង្វៀនក្នុងវគ្គផ្ដាច់ព្រ័ត្រជុំទី១។
ចំពោះអ្នកឡើងមកដល់វគ្គនេះ សុទ្ធតែជាអ្នកឈ្នះការប្រកួតនៅក្នុងវគ្គជម្រុះវិលជុំដូចគ្នាហើយពេលនេះពួកគេត្រូវប្រកួតគ្នាដណ្ដើមយកចំណាត់ថ្នាក់លេខ១ក្នុងជុំទី១ដើម្បីបន្តដំណើរឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រចុងក្រោយជាមួយអ្នកជាប់ចំណាត់ថ្នាក់លេខ១ក្នុងជុំទី២ដើម្បីដណ្ដើមយកប្រាក់រង្វាន់ធំ ។
ទោះបីភាគីទាំងសងខាងសុទ្ធតែមានជំនឿចិត្តរៀងខ្លួនក្នុងការដណ្ដើមយកតំណែងមួយនេះ ប៉ុន្តែសម្រាប់អ្នកតាមដានការប្រកួតភាគច្រើនហាក់មានជំនឿចិត្តលើគង់ សំបូរច្រើនជាង ព្រោះកន្លងមកពួកគេទាំងពីរគឺជាមិត្តរួមក្លិបតែមួយ ហើយកីឡាករគង់ សំបូរគឺជាសិស្សច្បងទៀតផង ។បើនិយាយពីបទពិសោធន៍ប្រកួតនៅលើសង្វៀនវិញនោះ គង់ សំបូរ ធ្លាប់ប្រឡូកយូរជាង និងមានកម្លាំងស៊ុហ្វរឹងមាំជាងលន បញ្ញា ទើបគេហ៊ាននិយាយថា ការប្រកួតលើកនេះ គង់ សំបូរស៊ីផុយតែម្ដង។
ទោះបីយ៉ាងណាសម្រាប់អ្នកគាំទ្រ លន បញ្ញាវិញគេតែងតែគិតថា មិនទាន់ឡើងសង្វៀនប្រកួតនៅមិនទាន់ដឹងថាអ្នកណាខ្លាំងអ្នកណាខ្សោយនោះទេ ព្រោះអីមួយរយៈមកនេះ លន បញ្ញា ថ្វីដៃប្រកួតរបស់គេក៏មិនធម្មតាប៉ុន្មានដែរ ជាពិសេសការប្រកួតប៉ុន្មានលើកចុងក្រោយមកនេះ មិនសូវដែលចាញ់ឡើយ ។ លើកនេះគឺជាការប្រកួតដ៏សំខាន់បំផុត ដើម្បីប្រជែងយកកៅអីឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្ពុជាសង្វៀនគុនខ្មែរដែលមានទឹកប្រាក់រហូតដល់ទៅ៦ពាន់ដុល្លារឯណោះ ។
ដូច្នេះគង់ សំបូរ មិនអាចលេងសើចបានទេ បើមិនដូច្នោះច្បាស់ជាត្រូវបាក់មុខក្រោមកណ្ដាប់សិស្សប្អូនលន បញ្ញា ជាក់ជាមិនខាន ។ ចំណែកកីឡាករ ឡុង បេនលឿន មកពីក្លិបសាលវ័ន្តកីឡា ត្រូវប្រកួតយកចំណាត់ថ្នាក់លេខ៣ជាមួយកីឡាករ ឈាន ហុង មកពីក្លិបខ្លារខិនមានរិទ្ធ ។ ចំណែកគូមិត្តភាពវិញ កីឡាករ យ៉េន ឌីណា មកពីសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ត្រូវឡើងប្រកួតសងសឹកជាមួយ កីឡាករ សួន ចាន់នី មកពីក្លិបបក្សីស្លាបដែក៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព