ខ្សែប្រយុទ្ធ Mario Balotelli មើលទៅមិនមានសង្ឃឹមក្នុងការផ្លាស់ទៅចូលរួមជាមួយក្លិប Besiktas ទេបន្ទាប់ពីប្រធានក្លិបលោក Ahmet Nur Cebi បាននិយាយថាកីឡាករសញ្ជាតិអ៊ីតាលីរូបនេះមិនស្ថិតក្នុងការចង់បានពីសំណាក់គ្រូបង្វឹក Sergen Yalcin នោះទេ។
មួយរយៈកន្លងទៅនេះ ក្លិប Besiktas ត្រូវបានគេរាយការណ៍ថាមានបំណងផ្តល់កិច្ចសន្យាឱ្យ Balotelli មកលេងនៅប្រទេសទួរគី បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះកំពុងមានរឿងរកាំរកូសជាមួយក្លិប Brescia នៅរដូវកាលដំបូងរបស់គេ ក្រោយផ្លាស់មកពីក្លិប Marseille។
ទន្ទឹមគ្នានេះដែរ ប្រធានក្លិប Brescia លោក Massimo Cellino បានបង្ហើបឱ្យដឹងកាលពីខែឧសភាថា លោករំពឹងថា Balotelli នឹងចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលកីឡាករវ័យ ៣០ ឆ្នាំរូបនេះមិនមែនជាកម្លាំងសំខាន់សម្រាប់ក្លិបនេះទេ។
ស្របពេលដែលមានការលើកឡើងថា Balotelli នឹងផ្លាស់ទៅក្លិប Besiktas ក៏ធ្វើឱ្យលោក Cebi ដែលជាប្រធានក្លិបបានចេញមកបញ្ជាក់ពីរឿងនេះផងដែរ។ បើយោងតាមសារព័ត៌មានដែលបានដកស្រង់សម្តីរបស់លោក Cebi ដោយប្រព័ន្ធផ្សព្វផ្សាយតួកគីបានឱ្យដឹងថា៖ “Sergen Yalcin [គ្រូបង្វឹករបស់ក្លិប Besiktas] មិនចាត់ទុក Mario Balotelli ជាជម្រើសមួយរបស់គាត់សម្រាប់តំណែងខ្សែប្រយុទ្ធនោះទេ នេះជាអ្វីដែលគាត់បានប្រាប់ខ្ញុំ”។
យ៉ាងណាក៏ដោយ បច្ចុប្បន្ន Balotelli នៅសល់កុងត្រាជាមួយក្លិប Brescia រហូតដល់ឆ្នាំ២០២២ ឯណោះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore