ក្រុងបាងកក៖ រថយន្តម៉ាក Mercedes Benz ពណ៌ខ្មៅមួយគ្រឿងព្យាយាមជិះបុកអ្នកដំណើរតាមផ្លូវ ពីស្តុប Khae Rai ដល់ផ្លូវ Rama ៦ នៃទីក្រុងបាងកកកាលពីថ្ងៃទី ១១ ខែសីហាប្រហែលម៉ោង ១១ យប់។ ក្រុមសង្គ្រោះបន្ទាន់ Good Samaritans បានព្យាយាមបញ្ឈប់រថយន្តពណ៌ខ្មៅនោះប៉ុន្តែមិនបានជោគជ័យ។
ឧប្បត្តិហេតុបើកបុកហើយរត់នេះបានបញ្ចប់ក្នុងរយៈពេលមួយម៉ោងក្រោយ បន្ទាប់រថយន្តបង្កហេតុបានបុកជាមួយនឹងរថយន្តមួយផ្សេងទៀតនៅជិតស្ថានីយ៍ Tao Poon MRT ។ មន្រ្តីប៉ូលិសមកពីប៉ុស្តិ Bang Sue បានមកដល់កន្លែងកើតហេតុបានប្រទះឃើញ រថយន្តចំនួន ២ គ្រឿង និងម៉ូតូចំនួន ៤គ្រឿង រងការខូចខាត ហើយមនុស្សជាច្រើននាក់បានរងរបួសនិងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ។ យោងតាមប៉ូលិស Bang Sue បានឱ្យដឹងថា ក្រោយការពិនិត្យជាតិអាល់កុលលើខ្លួនអ្នកបើកបររថយន្ត Mercedes Benz មានឈ្មោះថា Wishuda Vittayasinthana អាយុ ៣៧ឆ្នាំ ភេទស្រី បានបង្ហាញថា មានជាតិអាល់កុលចំនួន ២៥៧ មីលីក្រាម។ នេះគឺជាចំនួនដែលលើសពីច្បាប់ប្រទេសថៃកំណត់ដល់ទៅ ៤ ដង។
ជនបង្កត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ Paolo មុនពេលយកទៅសួរចម្លើយនៅឯប៉ុស្តិប៉ូលិស។ យោងតាមចម្លើយរបស់ឪពុកនាងបានបង្ហាញថា នាងមានការធុញថប់ដោយសារតែអាជីវកម្មត្រូវគេបោកអស់លុយរាប់លានបាត។ នាងបានញ៉ាំសុរាច្រើនហើយចេញពីផ្ទះ មុនពេលកើតហេតុនេះឡើង។
លោកវរសេនីយ៍ទោ Watchachira Asawut អ្នកស៊ើបអង្កេតនៃអធិការដ្ឋាននគរបាលស្រុក Bang Sue បាននិយាយថា ជនបង្កហេតុត្រូវឃុំខ្លួននៅស្នងការដ្ឋាននគរបាលដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ជនបង្កត្រូវបានគេចោទប្រកាន់ពីបទបើកបរទាំងស្រវឹង បើកបរមិនប្រុងប្រយ័ត្ន ហើយបានបុកអ្នកដំណើរដទៃទៀតបណ្តាលឱ្យពួកគេរងរបួស និងខូចខាតទ្រព្យសម្បត្តិព្រមទាំងបើកបរគេចប៉ូលិសទៀតផង៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news