រហូតមកដល់ពេលនេះ បាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ នៅអាមេរិក បានរាលដាលដល់ក្រុមគ្រូពេទ្យហើយ ដោយមានគ្រូពេទ្យ បុគ្គលិក គិលានុបដ្ឋាកគិលានុបដ្ឋាយិកា ព្យាបាលអ្នកជំងឺកូវីដ១៩ នៅទីក្រុងញូវយ៉ក បាននាំគ្នាដង្ហែក្បួនបាតុកម្ម ប្រឆាំងនឹងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ។
នៅក្នុងពិធីដង្ហែក្បួនបាតុកម្មរបស់ក្រុមគ្រូពេទ្យ បានពាក់ម៉ាស់ការពារដង្ហែក្បួនចេញពីមន្ទីរពេទ្យ Bellevue ក្នុងតំបន់ Manhattan ទីក្រុងញូវយ៉ក ដើម្បីប្រឆាំងនឹងការរើសអើងជាតិសាសន៍។
ក្រុមគ្រូពេទ្យបានលើកស្លាកបដាដែលមានអក្សរធំៗថា «ការថែទាំសុខាភិបាល គឺមើលថែទាំងអស់គ្នា ហើយការរើសអើងជាតិសាសន៍ បានសម្លាប់អ្នកជំងឺរបស់យើង»។ ក្រុមគ្រូពេទ្យបានលុតជង្គង់ រយៈពេល ៨នាទី និង៤៦វិនាទី ជាការរំឭកដល់ពេលវេលាដែលប៉ូលិសសង្កត់កបុរសស្បែកខ្មៅ រហូតដល់ស្លាប់ បើទោះជាគាត់ស្រែកថា «ខ្ញុំមិនអាចដកដង្ហើម» បានក្តី។
គ្រូពេទ្យ Kamini Doobay ផ្នែកសង្គ្រោះបន្ទាន់ បានលើកឡើងថា «យើងបានអានពាក្យសម្បថថា បម្រើពលរដ្ឋទាំងអស់ ក្នុងការថែទាំសុខភាព ដោយមិនមានការើសអើងនោះឡើយ»។ ការធ្វើបាតុកម្មខាងលើ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យ មកពីមន្ទីរពេទ្យធំៗចំនួន៦ នៅក្នុងទីក្រុងញូវយ៉ក៕ ប្រែសម្រួលដោយ៖ MEO