ថៃកំពុងរៀបចំផែនការ ស្រូបទាញភ្ញៀវទេសចរអន្តរជាតិឡើងវិញ ក្រោយពីការទប់ស្កាត់ កូវីដ១៩ ប្រកបដោយភាពវិជ្ជមាន
រដ្ឋាភិបាលថៃកំពុងដាក់ចេញផែនការជាច្រើន ដើម្បីកសាងទំនុកចិត្ត និងធ្វើឱ្យប្រទេសរបស់ខ្លួន ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយការជឿទុកចិត្តជាថ្មី បន្ទាប់ពីការរឹតត្បិតការធ្វើដំណើរ ដើម្បីទប់ស្កាត់ COVID-19 ត្រូវបានបន្ធូរបន្ថយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។
ថៃជាប្រទេសដំបូងគេ ដែលបានប្រកាសពីការរកឃើញ COVID-19 នៅក្រៅប្រទេសចិនកាលពីខែមករា កំពុងតែចង់ស្ដារមុខមាត់របស់ខ្លួន ឱ្យត្រឡប់ទៅរកស្ថានភាពដូចមុន COVID-19 ផ្ទុះឡើង ក្នុងនាមជាគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាពមួយនៅក្នុងតំបន់ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ។
ជុំវិញផែនការខាងលើនេះ អនុប្រធានអាជ្ញាធរទេសចរណ៍ថៃលោក តាណេស ភិតស៊ូវ៉ាន់ (Tanes Petsuwan) បានគូសបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយយ៉ាងដូច្នេះថា «បន្ទាប់ពីវិធានការរឹតត្បិតប្រឆាំង COVID-19 ត្រូវបានបន្ធូរបន្ថយ យើងមានផែនការស្ដារមុខមាត់ ប្រទេសរបស់យើងឡើងវិញ ក្នុងនាមជាគោលដៅទេសចរប្រកបដោយការជឿទុកចិត្ត និងជាទីដែលនឹងធ្វើឱ្យភ្ញៀវទេសចរមានសន្តិភាពផ្លូវចិត្ត»។
លោកអនុប្រធានបានបន្ថែមទៀតថា ដ្ឋាភិបាលថៃបានដាក់ចេញនូវ «ប្រព័ន្ធវិញ្ញាបនបត្រសុខាភិបាលមួយសម្រាប់សណ្ឋាគារ និងភោជនីយដ្ឋាន» ហើយការធ្វើដូចនេះ នឹងធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ថា «មានសុវត្ថិភាព»។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើភ្ញៀវទេសចរ ឬអ្នកធ្វើដំណើរហ៊ានដើរកម្សាន្ត និងធ្វើដំណើរដូចមុនវិញដែរ ឬក៏យ៉ាងណានោះឡើយ ខណៈពិភពលោកមិនទាន់មានវ៉ាក់សាំង COVID-19 នៅឡើយ។
គួរបញ្ជាក់ថា ថៃបានសម្រេចចិត្តហាមឃាត់ជើងហោះហើរអន្តរជាតិ រហូតដល់ថ្ងៃទី៣០ មិថុនាខាងមុខនេះ ហើយភ្ញៀវទេសចរអន្តរជាតិ ក៏មិនត្រូវបានគេរំពឹងថានឹងមកកម្សាន្ត ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះភ្លាមៗដែរ រហូតដល់ចុងឆ្នាំ២០២០។ បច្ចុប្បន្នថៃមានអ្នកឆ្លង COVID-19 សរុប ៣,១០២ករណី ក្នុងនោះស្លាប់ ៥៨នាក់ និងជាសះស្បើយឡើងវិញ ២,៩៧១នាក់៕