មនុស្ស៤នាក់ បានរងគ្រោះនៅក្នុងហេតុការណ៍ឆក់ខ្សែភ្លើង ដែលបណ្តាលឱ្យស្រ្តីវ័យចំណាស់ម្នាក់ ត្រូវបានស្លាប់ និង៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ស្ថិតក្នុងភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង។
មុនពេលកើហេតុ ក្មេងស្រី២នាក់ បានលេងទូរស័ព្ទ ហើយក៏បានអូសយករ៉ូឡូខ្សែភ្លើងមកសាកទូរស័ព្ទបណ្តើរលេងទូរស័ព្ទបណ្តើរ។ ខណៈកំពុងលេងទូរស័ព្ទស្រាប់តែឆ្លងចរន្តភ្លើង បណ្ដាលឲ្យឆក់ក្មេងស្រីទាំងពីរ។ ឃើញបែបនោះយាយរបស់ក្មេងស្រីរងគ្រោះ ក៏រត់ចូលជួយក៏កាន់ចំខ្សែភ្លើងដាច់ បណ្ដាលឲ្យឆក់ជាប់តែម្តង។
ដោយឃើញហេតុការណ៍កំពុងឆក់ ស្ត្រីជាម្ចាស់ផ្ទះ ក៏បានរត់ចូលទៅជួយទាញចេញ បណ្តាលឲ្យឆក់បន្តបន្ទាប់គ្នារហូតដល់ទៅ៤នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលអ្នកជិតខាង ក៏ប្រញាប់រត់បិទបារ៉ែតភ្លើង និងជួយសង្គ្រោះ លើកជនរងគ្រោះទាំង៤នាក់តែម្តង ប៉ុន្តែជាអកុសល ស្រ្តីម្នាក់ត្រូវបានស្លាប់នៅកន្លែងកើតហេតុ រីឯមនុស្ស៣នាក់ផ្សេងទៀតត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះទាន់ពេល។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះ យស់ ទូច អាយុ៦៥ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីចំណាស់ដែលរងរបួសត្រូវជាម្ចាស់ផ្ទះមានឈ្មោះ ចាន់សេរី អាយុ៦៦ ឆ្នាំមុខរបរកសិករ។ រីឯក្មេងស្រីរងគ្រោះមានឈ្មោះ អ៊ាម សុម៉ាឡែន អាយុ១៥ឆ្នាំ មុខរបរសិស្ស រងរបួសធ្ងន់ និងឈ្មោះ ទ្រី សុវណ្ណបុប្ផា ភេទស្រីអាយុ៩ឆ្នាំ មុខរបរសិស្ស រស់ក្នុងភូមិកើតហេតុខាងលើដែរដែលបានរបួសធ្ងន់៕ ដោយ៖ត្នោត