រាជធានីភ្នំពេញ ៖ មនុស្សគ្រប់រូបត្រូវមានក្តីស្រម៉ៃច្បាស់លាស់ ប្រសិនបើយើងពិតជាក្លាយខ្លួនជាមេដឹកនាំ ជាម្ចាស់ក្រុមហ៊ុន និងជាអ្នកមាន ។ ប្រសិនបើមានក្តីស្រម៉ៃហើយ ជំហានបន្ទាប់អ្នកគួរដាក់កាយ ដាក់ចិត្ត ក្នុងការមានសកម្មភាព ដើម្បីបន្តក្តីស្រមៃនោះ ។ ប៉ុន្តែគ្មានការងារណា ដែលមិនជួបឧបសគ្គនោះទេ គ្រាន់តែថាច្រើនឬតិច ទំហំប៉ុណ្ណា ប៉ុន្តែវានឹងអាចដោះស្រាយបាន ប្រសិនជាយើងម្នាក់ៗ នៅតែមិនរាថយ ។
លោកស្រី ជា សុខហៀក អគ្គនាយិកា SORYA Center Point បាននិយាយថា ក្រៅពីធម្មជាតិ គាត់ជឿជាក់ថា អ្វីៗគ្រប់យ៉ាងលើលោកនេះ សុទ្ធសឹងតែបង្កើតឡើងដោយមនុស្ស បើទោះបីបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះក៏ដោយ ដូចនេះដើម្បីបង្កើតឱ្យមានភាពអស្ចារ្យ មនុស្សតែងតែហ៊ានស្រម៉ៃ ហ៊ានសុបិន្ត ហើយត្រូវមានភាពជឿជាក់លើខ្លួនឯងផងដែរ ។ លោកស្រី ជា សុខហៀក បានបន្តថា «ត្រូវមានសកម្មភាព ប្រសិនជាមានក្តីសុបិន្ត និងការស្រមើស្រម៉ៃហើយ ប៉ុន្តែបើមិនមានសកម្មភាពជាក់ស្តែងនោះទេ នោះក្តីសុបិន្តនឹងមិនអាចក្លាយជាការពិតដែរ ។ ដូចនេះយើងម្នាក់ៗ គួរប្រើភាពប៉ិនប្រសប់របស់ខ្លួន ទៅធ្វើក្តីសុបិន្តឱ្យក្លាយជាការពិត ហើយនឹងខិតខំប្រឹងប្រែងប្តេជ្ញាចិត្ត»។ ក្រៅពីនេះ លោកស្រីបានបន្ថែមថា «ខ្ញុំជឿជាក់ថា អ្វីៗគ្រប់យ៉ាងសុទ្ធតែកើតចេញពីខ្លួនយើង បើទោះបីជួបឧបសគ្គបែបណាក៏ដោយ ក៏ត្រូវតែជំនះ និងប្រឹងបន្តទៀតរហូតដល់យើងទទួលបានជោគជ័យឬគោលដៅណាមួយដែលយើងកំពុងស្រម៉ៃ» ។ មួយវិញទៀត លោកស្រីបន្តថា យើងត្រូវតែធ្វើជាមនុស្សចេះទទួលខុសត្រូវជាពលរដ្ឋខ្មែរមួយរូប យើងត្រូវមានទំនួលខុសត្រូវលើខ្លួនឯង លើគ្រួសារ និងសង្គមជាតិទាំងមូល វាអាចនិយាយបានថា ជាការចាប់ផ្តើមពីការគោរពវិន័យ ការធ្វើជាមនុស្សដែលមានសីលធម៌ មានគុណធម៌ គោរពច្បាប់ចរាចរណ៍ ការចូលរួមថែរក្សាបរិស្ថាន សំអាតទីក្រុង។ល ។ ទាំងនោះសុទ្ធតែជាសកម្មភាពមួយ ដែលបង្ហាញអំពីការទទួលខុសត្រូវ ។ លោកស្រី ជា សុខហៀក បានបន្ថែមថា «ហើយខ្ញុំជឿជាក់ថា យើងទាំងអស់គ្នាសុទ្ធតែអាចក្លាយជាអ្នកដឹកនាំបាន និងមានបាន ដែលសុទ្ធតែពឹងផ្អែកទៅលើអ្វីទាំងនោះ ដែលខ្ញុំបានរៀបរាប់ខាងលើ ។ ខ្ញុំតែងតែចែករំលែកជាមួយ មនុស្សគ្រប់គ្នាមិនថាជាបុគ្គលិករបស់ខ្ញុំនោះទេ ប្រសិនបើយើងចង់កក្លាយជាអ្នកមាន ឬជាមេដឹកនាំ យើងត្រូវហ៊ាន ស្រមៃឬមានក្តីសុបិន្តជាមុនសិន»។ យើងនឹងមិនអាចក្លាយជាអ្នកមាននោះទេ បើសូម្បីតែ អ្នកខ្លះមិនហ៊ានទាំងគិត មិនហ៊ានស្រម៉ៃថា ខ្លួនអាចក្លាយជាអ្នកមានផង ហើយតែងតែគិតថាខ្លួនឯងគ្មានសមត្ថភាពថា អាចធ្វើបាន ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព