ប្រទេសរុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន ប្រកាសនាថ្ងៃទី១១សីហាថា វ៉ាក់សាំងប្រឆាំងវីរុសCOVID-19 ត្រូវបានចុះបញ្ជី ដាក់ឲ្យប្រើហើយនៅរុស្ស៊ី។
ក្នុងកិច្ចប្រជុំតាមអនឡាញជាមួយរដ្ឋាភិបាលលោក ប្រធានាធិបតីរុស្ស៊ីថ្លែងថា សម្រាប់ពេលនេះខ្ញុំដឹងថា វ៉ាក់សាំងមួយប្រឆាំងវីរុសCOVID-19 ត្រូវបានចុះបញ្ជីដាក់ឲ្យប្រើនាព្រឹកថ្ងៃទី១១សីហា ដែលនោះជាវ៉ាក់សាំងផលិតបានមុនគេលើពិភពលោក។
លោកបន្តថារដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកមីខាអ៊ីលមូរ៉ាកកូនឹងធ្វើការចេញផ្សាយភាពលម្អិត។ វ៉ាក់សាំងនោះលោកថា មានប្រសិទ្ធភាពគួរសមក្នុងការបង្កើតភាពស៊ាំ ពោលគឺប្រព័ន្ធការពាររាងកាយបានស្ថិតស្ថេរ ដោយឆ្លងកាត់រាល់ការត្រួតពិនិត្យ។
វ៉ាក់សាំងប្រឆាំងវីរុសនោះផលិតរួមគ្នា ដោយក្រសួងការពារប្រទេសរុស្ស៊ី និងមជ្ឈមណ្ឌលសិក្សាជំងឺឆ្លងនិងមេក្រូបរុស្ស៊ី GAMALEIA។ ក្រសួងសុខាភិបាលរុស្ស៊ី ធ្លាប់ប្រកាសរួចហើយនាពេលមុននេះ ពីការបញ្ចប់សាកល្បងគ្លីនិកវ៉ាក់នោះ និងរៀបចំបណ្ដាឯកសារចាំបាច់នានាសម្រាប់ការចុះបញ្ជី។ ក្រសួងនោះអះអាងទៀតថា វ៉ាក់សាំង នឹងចាក់ដំបូងគេឲ្យដល់បណ្ដាគ្រូពេទ្យនិងគ្រូបង្រៀន ហើយនឹងចាក់ឲ្យប្រជាជនក្នុងខែតុលាខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព