ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ កម្ពុជាមានករណីឆ្លងថ្មីចំនួន ២នាក់ ជាជជាតិចិន និងជនជាតិអាមេរិកាំង ខណៈមិនមានករណីជាសះស្បើយថ្មីឡើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកឆ្លងជាជនជាតិចិន ១នាក់ អាយុ ២២ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយនៅរាជាធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរមកកម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។
ចំណែកឯស្រ្តីជនជាតិអាមេរិកាំង ១នាក់ទៀត អាយុ ២៥ឆ្នាំ ធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។
បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួន ៤៨នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ និងមន្ទីរពេទ្យបង្អែកមួយក្នុងរាជធានីភ្នំពេញ។
គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ២៦៨នាក់ មានស្រ្តីចំនួន ៥៣នាក់ និងបុរស ២១៥នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)។ ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ២២០នាក់ ដែលមានស្រី ៤៦នាក់ និងប្រុស ១៧៤នាក់ ស្មើនឹង៨២,៧១% នៃចំនួនសរុប៕